គម្រោងផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលកសម្រេចបានជិត៦ភាគរយហើយ

ចែករំលែក

ដោយ៖ សហការី

កំពត៖ ត្រឹមរយៈពេលប៉ុន្មានសប្តាហ៍ក្រោយបើកការដ្ឋាន គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ដែលសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) សម្រេចបានជិត៦ភាគរយហើយ។

នេះបើយោងតាមលោក សង់ ស៊ីណាវ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាព បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ បានចុះត្រួតពិនិត្យការងារ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

គិតចាប់ពីថ្ងៃប្រកាសបើកការដ្ឋានជាផ្លូវការ មកទល់បច្ចុប្បន្ន ការអនុវត្តគម្រោងការងារខាងលើ សម្រេចលទ្ធផលបាន៥,៨០% នៃទំហំការងារសរុប ដោយរួមមាន ការកៀរកាយពង្រីកតួផ្លូវ និងការកិនបង្ហាប់ដោយកន្លែង។

ការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើការងារបច្ចេកទេស ដើម្បីធានាឱ្យបានថាការសាងសង់ ត្រូវបានអនុវត្តទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាព ក៏ដូចជាវឌ្ឍនភាពការងារ របស់គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ នេះផងដែរ។

លោកប្រធានអង្គភាពអនុវត្តគម្រោង ក៏បានពាំនាំអនុសាសន៍ផ្តាំផ្ញើរដ៏ខ្ពង់ខ្ពស់របស់lokទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានណែនាំឱ្យក្រុមហ៊ុន CRBC ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយត្រូវធ្វើឡើងវិញដដែលៗ។

លើសពីនេះទៅទៀត ក្រុមហ៊ុនត្រូវគិតគូរឱ្យបានម៉ត់ចត់ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ជៀសចរាចរណ៍ និងការស្រោចទឹកកាត់បន្ថយដីហុយជាដើម ជៀសវាងការរំខានបងប្អូនប្រជាពលរដ្ឋ។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះមានប្រវែងប្រមាណ៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ចូន ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនិងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាការផ្សេងៗ៕


ចែករំលែក