ការបង្កើតរដ្ឋធានីថ្មីតម្លៃ៤០ពាន់លានដុល្លាររបស់ឥណ្ឌូនេស៊ីបានឆ្លុះបញ្ចាំងពីសក្ដានុពលសេដ្ឋកិច្ចដ៏ធំសម្បើមរបស់អាស៊ាន

0

ដោយៈ សុខុម

ប៉េកាំង: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ទទួលបានដំណឹងដ៏គួរឱ្យអបអរសាទរ កាលពីដើមសប្តាហ៍នេះថា  ក្រុមហ៊ុនម៉ាឡេស៊ី មួយចំនួនបានចុះឈ្មោះ បង្ហាញចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគក្នុងគម្រោងខ្នាតយក្សមួយ នោះគឺគម្រោងសាងសង់រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ី។

ចំណាត់ការនេះធ្វើឡើង ស្របពេលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះបានធ្វើដំណើរទៅកាន់ទីក្រុងហ្សាការតា ក្នុងដំណើរទស្សនកិច្ចទៅក្រៅប្រទេស ជាលើកដំបូងរបស់លោក ហើយក្នុងពេលនោះលោកបានបង្ហាញការប្ដេជ្ញាចិត្ត និងបានចុះកិច្ចព្រមព្រៀងជាច្រើន។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៣ ខែមករា។

នៅក្នុងកិច្ចព្រមព្រៀងទាំងនោះ បណ្ដាក្រុមហ៊ុនម៉ាឡេស៊ី និងក្រុមហ៊ុនឥណ្ឌូនេស៊ី នឹងសហការគ្នាលើគម្រោងផលិតកម្ម ថាមពលកកើតឡើងវិញ ឱសថ និងការអភិវឌ្ឍអចលនទ្រព្យ ដែលអាចមានតម្លៃសរុប៣៨០លានដុល្លារអាមេរិក។

ប្រសិនបើគម្រោងទាំងនោះ​ ចាប់ផ្ដើមតាមការគ្រោងទុក វានឹងក្លាយជាការចូលរួមចំណែកដ៏សំខាន់ ដល់គម្រោងសាងសង់រដ្ឋធានីថ្មី របស់ឥណ្ឌូនេស៊ី ដែលគ្រោងចំណាយរហូតដល់ទៅ៤០ពាន់លានដុល្លារអាមេរិក។

ប្រធានាធិបតី Joko Widodo មានទស្សនវិស័យចង់រើរដ្ឋធានីហ្សាការតា ដែលជាមជ្ឈមណ្ឌលនយោបាយ និងជាចំណុចបេះដូងនៃប្រទេសឥណ្ឌូនេស៊ី ខណៈរដ្ឋធានីបច្ចុប្បន្ននេះ កំពុងប្រឈមការគំរាមកំហែងពីការជន់លិចដោយសារកត្តាចម្បងពីរ គឺការពង្រីកក្រុងហួសប្រមាណ និងបម្រែបម្រួលអាកាសធាតុ។

លោក Joko Widodo បានប្រកាសពីផែនការបង្កើតរដ្ឋធានីថ្មី ដែលមានឈ្មោះថាNusantara ក្នុងឆ្នាំ២០១៩ បន្ទាប់ពីជាប់ឆ្នោតជាប្រធានា​ធិបតីអាណត្តិទី២ និងជាអាណត្តិចុងក្រោយរបស់លោក។

បច្ចុប្បន្ន គម្រោងកសាងរដ្ឋធានីថ្មីនេះ កំពុងស្ថិតក្រោមដំណើរការសាងសង់ ដោយរដ្ឋាភិបាលទទួលរ៉ាប់រងតែ២០%ប៉ុណ្ណោះ នៃការចំណាយសរុប។

ផែនការនេះ ធ្វើឡើងដើម្បីផ្លាស់ប្ដូរប្រជាជនប្រមាណ១,៩លា​ននាក់ទៅកាន់រដ្ឋធានីថ្មីនៅត្រឹមឆ្នាំ២០៤៥ ដោយមន្ត្រីរាជការមួយចំនួនអាចនឹងផ្លាស់ទៅរដ្ឋធានីថ្មី Nusantara នៅដើមឆ្នាំក្រោយ។

ទោះជាយ៉ាងណា ឧបសគ្គដ៏ធំបំផុតសម្រាប់លោក Joko Widodo គឺត្រូវធ្វើយ៉ាងណា ទាក់ទាញបណ្ដាវិនិយោគិនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីរ៉ាប់រងទំហំចំណាយ ដែលនៅសេសសល់៨០%ទៀត៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here