អាជ្ញាធរខេត្តបន្ទាយមានជ័យចុះបិទការលក់គំរោងដីឡូត៍ ផ្ទះល្វែង និង វីឡារបស់ក្រុមហ៊ុនម៉ន ដានី

0

ដោយៈ គង់ សូរិយា

       បន្ទាយមានជ័យៈ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកលី សារីអភិបាលរងខេត្តបានចុះផ្អាកការលក់ដីឡូត៍ ផ្ទះល្វែង និងវីឡារបស់ក្រុមហ៊ុនម៉ន ដានីនៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការចុះផ្អាកនេះ បានធ្វើឡើងកាលពីថ្ងៃទី១២ ខែមករាកន្លងមកនេះ បន្ទាប់ពីអាជ្ញាធរបានជូនដំណឹង និងព្រមានជាច្រើនលើកច្រើនសារដល់ក្រុមហ៊ុននេះ ប៉ុន្តែក្រុមហ៊ុននេះនៅតែមិនអនុវត្តន៍តាម ហើយចំណាត់ការនេះត្រូវបានអាជ្ញាធរ ចាត់ទុកជាការការពារដល់ហានិភ័យ របស់ប្រជាពលរដ្ឋ។

ក្រុមហ៊ុន Morn Dany Land &Home មានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ និងស្ថិតនៅភូមិសាលាក្រហម ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

លោកលី សារីអភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ ឲ្យដឹងក្នុងពេលចុះពិនិត្យ និងផ្អាកសកម្មភាពលក់របស់ក្រុមហ៊ុនខាងលើថា ការចុះពិនិត្យ និងផ្អាកនេះ ដោយសារក្រុមហ៊ុនមិនទាន់បានសុំច្បាប់អនុញ្ញាត្តពីការចាក់ដី និងប្រកាសលក់គំរោងដីឡូត៍ លំនៅដ្ឋាន និងវីឡាយ៉ាងផុសផុល។

កាលពីឆ្នាំមុនក្រុមហ៊ុនម៉ន ដានីត្រូវបានអាជ្ញាធរខេត្តកំពតចុះផ្អាកការលក់ដីឡូត៍របស់ខ្លួន ស្ថិតនៅលើផ្លូវជាតិលេខ៤១ ស្ថិតនៅក្នុងខេត្តកំពតផងដែរ ដោយសារក្រុមហ៊ុននេះ មិនបានបំពេញកាតព្វកិច្ចផ្លូវច្បាប់របស់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here