ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន៤០គ្រួសាររបស់នៅ ភូមិជ្រោយអំពិលសង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅបានធ្វើញត្តិតវ៉ាជាបន្តបន្ទាប់ ដល់អាជ្ញាធរមូលដ្ឋាន ដើម្បីរកដំណោះស្រាយករណីក្រុមហ៊ុនបុរីហាយ ធិយ ចំប៉ាក្បាលកោះ ដែលបានចាក់ដីធ្វើបុរី ដោយមិនបានទុកផ្លូវទឹក ដែលបានបង្កការជន់លិចដល់លំនៅដ្ឋាន និងផលដំណាំរបស់ពួកគាត់។
ទោះជាយ៉ាងណាការតវ៉ាទៅកាន់់អាជ្ញាធរ និងមានលិខិតស្នើសុំពីគណៈពង្រឹងមូលដ្ឋានតាំងពីឆ្នាំ២០២១កន្លងមកក្តី ប៉ុន្តែម្ចាស់បុរីនេះ ដែលមានលោកឧកញ៉ាលាង សាំងជាប្រធានក្រុមហ៊ុន មិនបានឆ្លើយតបនឹងសំណើរនេះនោះទេ។
យោងតាមលិខិតចុះថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២១ របស់ប្រជាពលរដ្ឋគោរពជូនមេភូមិជ្រោយអំពិល និងចៅសង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅ ដែលមានកម្មវត្ថុ សំណើរអន្តរាគមន៍ទៅម្ចាស់បុរីហាយធិច ចំប៉ាក្បាលកោះដើម្បីដោះស្រាយបញ្ហាទឹក។
លិខិតរបស់ប្រជាពលរដ្ឋ ដែលមានស្នាមមេដៃភ្ជាប់ផងដែរនោះបាន ឲ្យដឹងថា ដំណាំតាមក្បាលដីនិមួយៗ ដែលយើងខ្ញុំបាន និងកំពុងអាស្រ័យផលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ត្រូវបានជន់លិចលង់អស់ទៅហើយ។ ក្រៅពីនេះផ្ទះយើងខ្ញុំមួយចំនួន ក៏ត្រូវបានទឹកលិចដល់គ្រែដេកទៅហើយដែរ។ នេះមិនមែនជាជំនន់ទឹកភ្លៀងធម្មជាតិនោះទេ តែជាទឹកជំនន់បង្កឡើងដោយសកម្មភាពមនុស្ស គឺបង្កឡើងដោយសារសកម្មភាពចាក់លុបដីរបស់បុរីហាយ ធិច ចំប៉ាក្បាលកោះ ដោយពុំបានទុកផ្លូវទឹកសម្រាប់បង្ហូរចេញ។
លិខិតប្រជាពលរដ្ឋបានលើកជាសសំណួរថា “តើឲ្យយើងរស់នៅយ៉ាងដូចម្តេចទៅ បើផ្ទះក៏លិច ដំណាំក៏រលួយអស់បែបនេះ យើងខ្ញុំទាំងអស់គ្នាស្នើសុំដោយទទូច សូមលោកមេភូមិជ្រោយអំពិល២ លោកចៅសង្កាត់ក្បាលកោះ មេត្តាជួយធ្វើអន្តរាគមន៍ទៅម្ចាស់បុរីហាយធិច ចំប៉ាក្បាលកោះ ដើម្បីចាត់វិធានការណ៍ដោះស្រាយបញ្ហាទឹកលិច និងការខូចខាតផលដំណាំយើងខ្ញុំ ដែកបង្កឡើងដោយសារម្ចាស់បុរីខាងលើដោយក្តីអនុគ្រោះ។
ជាមួយគ្នានេះ កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅបានចេញលិខិតលេខ០៩៥ /២២ លស ដែលផ្ញើរទៅកាន់ឧកញ៉ាលាង សាំងប្រធានក្រុមហ៊ុនហាយធិច ចំប៉ាក្បាលកោះ ដែលមានកម្មវត្ថុបានលើកឡើងថា សំណើរសុំជួយដាក់លីរំដោះទឹកចំនន១ខ្សែទៀត ទំហំមុខកាត់១ម៉ែត្រ មានទីតាំងស្ថិតនៅភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លិខិតដដែលបានសរសេរថា យោងតាមប្រសាសន៍របស់លោកស៊ុយ សេរិទ្ឋ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ សម្រាប់ការចុះសិក្សាគំរោងប្លង់មេប្រព័ន្ឋបង្ហូរទឹក និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងភូមិសាស្រ្តខ័ណ្ឌច្បារអំពៅនាថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២២។
លិខិតដដែលបានញ្ជាក់ថា យោងតាមកម្មវត្ថុ និងយោងខាងលើខ្ញុំមានកិត្តិយសសូមគោរពជូនលោកឧកញ៉ា មេត្តាជួយដាក់លូរំដោះទឹក១ខ្សែទៀត (មានទំហំដូចខាងលើ) និងប្រវែងបណ្តោយចាប់ពីរបងបុរីហាយធិច ចំប៉ា ក្បាលកោះ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះជម្រៅលូ តាមការសិក្សាបច្ចេកទេសជាក់ស្តែង ដែលអាចរំដោះទឹកចេញបាន។
ទោះជាមានសំណើរជាច្រើនលើកច្រើនសារក្តី ប៉ុន្តែលោកឧកញ៉ាលាង សាំងមិនបានឆ្លើយតបនឹងសំណើរនេះនោះទេ។
តំណាងប្រជាពលរដ្ឋរងគ្រោះ បានលើកឡើងដោយសុំមិនបញ្ចេញឈ្មោះថា ពួកគាត់ពិតជាអស់សង្ឃឹម ព្រោះទោះជាមានលិខិតសំណើរជាបន្តបន្ទាប់ក្តីប៉ុន្តែនៅតែគ្មានប្រសិទ្ឋភាព និងគ្មានការអើរពើពីម្ចាស់បុរីនេះឡើយ ដោយមិនដឹងគាត់អភិវឌ្ឍន៍គិតតែផលចំណេញរបស់ខ្លួន ដោយមិនខ្វល់ពីសហគមន៍ប្រជាពលរដ្ឋមូលដ្ឋានននោះឡើយ។
តំណាងប្រជាពលរដ្ឋដដែលបានបញ្ជាក់ថា “សង្ឃឹមថាអ្នកទិញផ្ទះនៅបុរីនេះ នឹងពិចារណាទៅលើក្រមសីលធ៌មរបស់អ្នកអភិវឌ្ឍ ដែលគិតតែពីផលចចំណេញ និងមិនខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋឡើយ”។
គេហទំព័រPropertyarea.asia មិនអាចទាក់ទងសុំការអត្ថាធិប្បាយ និងបំភ្លឺពីលោកឧកញ៉ាលាង សាំងបានឡើយ៕