ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ នៅតាមបណដោយផ្លូវជាតិសំខាន់ៗ ដែលមានទិសដៅចេញពីរាជធានីភ្នំពេញ បាននិងកំពុងទាក់ទាញការអភិវឌ្ឍ លើលំនៅឋានជាពិសេសបណ្ដុំលំនៅឋានជាបុរី ហើយយើងមើលឃើញថាផ្លូវជាតិសំខាន់ៗត្រូវបានអភិវឌ្ឍន៍ជាលំនៅឋាន សម្រាប់ផ្គត់ផ្គង់លើទីផ្សារស្របនឹងកំណើនប្រជាពលរដ្ឋរស់នៅភ្នំពេញកាន់តែកើនឡើង។
ជាការកត់សម្គាល់យើងសង្កេតឃើញថា ផ្លូវជាតិពីលេខ១ដល់លេខ៦ សុទ្ធតែមានគម្រោងអភិវឌ្ឍន៍លំនៅឋាន នៅតាមបណ្ដោយផ្លូវជាតិទាំងនោះគ្រាន់តែផ្លូវជាតិខ្លះ មានការអភិវឌ្ឍលំនៅឋានតម្លៃខ្ពស់ ផ្លូវជាតិខ្លះតម្លៃមធ្យម និងខ្លះទៀតតម្លៃសមរម្យ ។
ផ្លូវជាតិលេខ១ និងលេខ៦ ត្រូវបានមើលឃើញថា ជាតំបន់ដែលមានការទាក់ទាញ លើលំនៅឋានដែលមានតម្លៃមធ្យមឡើងទៅ ដោយក្រុមហ៊ុនខ្លះអភិវឌ្ឍន៍លំនៅឋានតម្លៃ រាប់ម៉ឺនដុល្លារនិងមានរហូត ដល់ខ្ទង់លានដុល្លារផងដែរ។
ផ្លូវជាតិលេខ២លេខ៣ និងលេខ៤ ក៏មានការអភិវឌ្ឍលើលំនៅឋានច្រើនគួរសមដែរ ប៉ុន្តែអ្នកអភិវឌ្ឍន៍ផ្ដោតលើលំនៅឋាន ដែលមានតម្លៃសមរម្យក្រោម១០ម៉ឺនដុល្លារអាមេរិក ហើយការរីកចម្រើននៃលំនៅឋានប្រភេទក៏កាន់តែរីកដុះដាលខ្លាំងឡើង ពីមួយឆ្នាំៗទៅមួយឆ្នាំ ស្របនឹងរដ្ឋាភិបាលក៏បានលើកទឹកចិត្ត ដល់បណ្ដាវិនិយោគិននានា បន្តអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដោយរដ្ឋាភិបាលបានបន្តលើកលែង ការយកពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិលំនៅឋាន ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនអភិវឌ្ឍន៍ ។
តាមរយៈការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនេះដែរ ក៏ជាចំណែកមួយដល់ការចូលរួម ដោះស្រាយបញ្ហាលំនៅឋាន របស់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងមានក្រុមហ៊ុនខ្លះ បានផ្ដល់លក្ខខ័ណ្ឌងាយស្រួលក្នុងការបង់ប្រាក់ទៀតផង ដោយក្រុមហ៊ុនមួយចំនួន បានផ្ដល់ឱកាសឱ្យអតិថិជនទិញផ្ទះពីគម្រោងរបស់ខ្លួនដោយបង់រំលស់ ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រចាំឆ្នាំ២០២២ ក៏បានបង្ហាញផងដែរថា ក្នុងចំណោមគម្រោងសំណង់ ដែលក្រសួងបានចេញលិខិត អនុញ្ញាតឱ្យសាងសង់នោះ ឃើញថាគម្រោងអភិវឌ្ឍន៍ លំនៅឋានមានចំនួនច្រើនជាងគេ រួមទាំងទឹកប្រាក់វិនិយោគផងដែរ។ ការនេះបានបញ្ជាក់ពីតម្រូវការ លំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែបន្តមានតម្រូវការខ្ពស់ ដែលធ្វើក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវការស្នើសុំសាងសង់ផ្ទះបន្ថែមដើម្បីបំពេញតម្រូវការលើទីផ្សារ ។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvanceបានឱ្យដឹងថា ទីផ្សារលំនៅឋាននៅក្នុងប្រទេសកម្ពុជា នៅតែបន្តមានខ្ពស់ជាពិសេសនៅរាជធានីភ្នំពេញ និងតំបន់ជាយៗរាជធានីភ្នំពេញ ហើយវាក៏កាន់តែមានតម្រូវការខ្ពស់បន្ថែមទៀត នៅពេលអនាគតខាងមុខគ្រា ដែលផ្ទៃដីរាជធានីភ្នំពេញកាន់តែរីកធំជាបន្តបន្ទាប់៕