ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបសម្រេចបាន៩៣ភាគរយហើយ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបសម្រេចបាន ៩៣ភាគរយនៃគម្រោងទាំងមូលហើយ ហើយនឹងបើកដំណើរការនៅខែមេសា ឆ្នាំ២០២៣ខាងមុខ។

នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការដ្ឋានសាងសង់ស្ពាននេះបានសម្រេចលទ្ឋផលដល់ដំណាក់កាលនៃការតភ្ជាប់តួស្ពានទាំងមូលហើយ ធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ។

មន្ទីរសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា តាមផែនការ គម្រោងស្ពាន ដែលចំណាយចំណាយថវិកាប្រមាណ៣៥លានដុល្លារសហរដ្ឋអាមេរិកនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ខាងមុខ។

ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ៥។ ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ។

គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន៤បង្គោល មានកម្ពស់រហូតដល់៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបេឡេ មានប្រវែង៩២២ម៉ែត្រ មានទទឹង២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង។

កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។ គន្លងខ្សែយានយន្តមានទទឹង៣,៧៥ម៉ែត្រ គន្លងធ្វើចរាចរណ៍២ខ្សែទៅ២ខ្សែមក។ កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា១០,៥ម៉ែត្រ។ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ម៉ែត្រ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here