រដ្ឋាភិបាលហ្វីលីពីនចំណាយជាង​៣២២​លាន​ដុល្លារ​ដើម្បី​សាងសង់​ផ្លូវ​ទៅកាន់​តំបន់​ទេសចរណ៍​នានា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសហ្វីលីពីនបានកំណត់ថវិកាចំនួន១៧,៧ពាន់លានប៉េសូ (ប្រហែល៣២២លានដុល្លារអាមេរិក) ក្នុងការផ្តល់មូលនិធិដល់ការសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវថ្នល់ ដើម្បីធ្វើឱ្យកន្លែងទេសចរណ៍ផ្សេងៗកាន់តែងាយស្រួលសម្រាប់ភ្ញៀវទេសចរ។

លោក Marvin Rillo សមាជិកសភាតំណាងរាស្រ្តហ្វីលីពីន បានមានប្រសាសន៍ថា មូលនិធិនេះ នឹងត្រូវបានប្រើសម្រាប់កម្មវិធី ហេដ្ឋារចនាស  ម្ព័ន្ធផ្លូវទេសចរណ៍ របស់រដ្ឋាភិបាលនៅឆ្នាំ២០២៣នេះ។

លោក Marvin Rillo បានបន្តថា “យើងកំពុងពឹងផ្អែកលើការងើបឡើងវិញ នៃវិស័យទេសចរណ៍ពីជំងឺរាតត្បាត ដើម្បីបង្កើតការងារ និងឱកា​សចិញ្ចឹមជីវិតថ្មី សម្រាប់ប្រជាជនហ្វីលីពីន ជាពិសេសនៅតាមខេត្ត”។

លោក Rillo បានអះអាងថា ប្រទេសហ្វីលីពីនត្រូវអភិវឌ្ឍន៍ផ្លូវ និងស្ពានបន្ថែមទៀត ដើម្បីបើកគោលដៅដល់ភ្ញៀវទេសចរ នៅទូទាំងប្រជុំកោះ ដោយលោកបន្ថែមថា មន្ទីរទេសចរណ៍ និងសាធារណការ និងផ្លូវហាយវេ បានរួមគ្នាកំណត់គម្រោង ដែលនឹងទទួលបានមូលនិធិក្រោមកម្មវិធីហេដ្ឋារចនាសម្ព័ន្ធផ្លូវទេសចរណ៍របស់រដ្ឋាភិបាល។

កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ សភាតំណាងរាស្រ្តបានអនុម័តលើការអានលើកទី៣ និងការអានលើកចុងក្រោយ នៃសេចក្តីព្រាងច្បាប់ចំនួន៣៤ ដែលកំណត់គោលដៅទេសចរណ៍ថ្មីនៅទូទាំងប្រទេស រួមទាំងទឹកជ្រោះធ្លាក់ ឧទ្យានជាតិ និងរូងភ្នំ។

ប្រទេសហ្វីលីពីន កំពុងកែលម្អការតភ្ជាប់ និងភាពងាយស្រួល ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន រួមទាំងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងឌីជីថលនីយកម្មផងដែរ។

ជាពិសេស រដ្ឋាភិបាលហ្វីលីពីនគ្រោង នឹងអភិវឌ្ឍទេសចរណ៍តាមនាវា រៀបចំពិព័រណ៍ទេសចរណ៍ក្នុងតំបន់ អភិវឌ្ឍរង្វង់ទេសចរណ៍ និងបន្តរួប​រួមធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាល ដែលលើកកម្ពស់វិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here