ការវិនិយោគលើវិស័យអចលនទ្រព្យកម្ពុជារំពឹងកើនឡើងខ្ពស់ជាងមុនវិបត្តិកូវីដ១៩ ប្រសិនបើស្ថានភាពល្អប្រសើរវិញ

0

  ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា រំពឹងថានឹងមានសន្ទុះងើបឡើងខ្លាំង និងខ្ពស់ជាងស្ថានភាពមុនវិបត្តិកូវីដ១៩ទៅទៀត បើសិនជាស្ថានភាពសេដ្ឋកិច្ចសកល និងការហូរចូលវិនិយោ​គិនបរទេសចូលមកម្ពុជាឡើងវិញនោះ។

មានកត្តាមួយចំនួនដែលយើងហ៊ានអះអាងថា វិស័យនេះនឹងងើបឡើងខ្លាំងជាងមុនវិបត្តិ១៩ បើសិនជាវិនិយោគិនបរទេស ហូរចូលមកវិញនោះ ជាក់ស្ដែងក្នុងវិបត្តិកូវីដ១៩ កម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើន ដែលសមិទ្ធផលទាំងនោះហើយ ជាការទាក់ទាញនិងជាការចង់បានរបស់វិនិយោគិនទាំងក្នុងនិងបរទេស ។

ថ្ងៃនេះគេហទំព័រProperty Area នឹងលើកយកកត្តាមួយចំនួន ដែលយើងហ៊ាននិយាយថា ស្ថានភាពវិនិយោគលើអចលនទ្រព្យ នឹងផ្ទុះឡើងខ្លាំង

១.កត្តាថាមពលអគ្គិសនី

នៅមុនវិបត្តិកូវីដ១៩ កម្ពុជាបានជួបវិបត្តិថាមពលអគ្គិសនី ដោយអគ្គិសនីកម្ពុជា បានសម្រេចផ្ដាច់ការផ្គត់ផ្គង់តំបន់មួយ ទៅផ្គត់ផ្គង់តំបន់មួយផ្សេងទៀត និងផ្គត់ផ្គង់ឆ្លាស់វេនគ្នា។ ប៉ុន្តែមកដល់ពេលនេះ កម្ពុជាមានប្រភពថាមពលអគ្គិសនីបន្ថែម ដែលធ្វើថាមពលអគ្គិសនីផ្គត់ផ្គង់គ្រប់តាមតម្រូវការ និងសល់រហូតដល់ជិត២០០មេហ្គាវ៉ាត់ សម្រាប់លក់ចេញទៅក្រៅប្រទេសទៅទៀត ។ នេះបើតាមរបាយការណ៍របស់អជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញនាពេលកន្លងមក ។ ដូច្នេះនៅពេលវិនិយោគិនចូលមកកម្ពុជា យើងនឹងលែងមានការខ្វះខាតថាមពល សម្រាប់ផ្ដល់ជូនវិនិយោគទៀតហើយ ។

២. ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ

ក្នុងអំឡុងវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលបានចំណាយថវិកា សម្រាប់សាងសង់ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនជាពិសេស ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើនខ្សែនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលខេត្តទាំងពីរនេះសុទ្ធតែជាខេត្ត ដែលមានសក្ដានុពលក្នុងការទាក់ទាញ ការវិនិយោគពីសំ​ណាក់វិនិយោគិនក្នុងនិងក្រៅប្រទេស។

អ្វីដែលកម្ពុជាទើបតែទទួលបានថ្មីៗនោះ គឺផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ ដែលផ្លូវមួយនេះនឹងសម្រួល ដល់ការធ្វើដំណើររបស់វិនិយោគិន និងទេសចរទៅកាន់ក្រុងព្រះសីហនុ និងពីព្រះសីហនុមកកាន់រាជធានីភ្នំពេញ។

៣. ច្បាប់វិនិយោគថ្មីរបស់កម្ពុជា

ច្បាប់នេះក៏ទើបប្រកាសដាក់ឱ្យប្រើប្រាស់ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ដែរ ដែលតាមរយៈច្បាប់ថ្មីនេះដែរ បានលើកទឹកចិត្តនិងសម្រួលដល់វិនិយោគិនច្រើន ជាពិសេសវិនិយោគិនមកពីបរទេស ដែលទាំងអ្នកវិនិយោគក្នុងស្រុកក៏ដូចជាមន្ត្រីរដ្ឋាភិបាលរំពឺងថា នឹងអាចទាក់ទាញការវិនិយោគច្រើនពីបរទេស ។

៤.ការត្រៀមខ្លួនរួចជាស្រេចរបស់វិនិយោគិនក្នុងស្រុក

វិនិយោគិនក្នុងវិស័យអចលនទ្រព្យ នៅកម្ពុជាជាច្រើនបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងរង់ចាំទទួលវិនិយោគិនបរទេស ដើម្បីសហការគ្នាក្នុងការបណ្ដាក់រួមក្នុងវិស័យអចលនទ្រព្យ ដែលកត្តានេះនឹងជំរុញឱ្យមានការវិនិយោគកាន់តែច្រើននៅពេលខាងមុខ។

ផលចំណេញពីការវិនិយោគខ្ពស់ធៀបជាមួយប្រទេសក្នុងតំបន់

       អ្នកជំនាញជាតិ អន្តរជាតិ សុទ្ឋតែមើលឃើញថា កម្ពុជាជាប្រទេសដែលទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ ធៀបជាមួយបណ្តាប្រទេ​សក្នុងតំបន់ ដោយសារកម្ពុជាមានមនុស្សវ័យក្មេងច្រើន ជាទីផ្សារថ្មី មានសេដ្ឋកិច្ចរីកចម្រើនលឿន និងស្ថេរភាពនយោបាយរ៉ឹងមាំ។

ការងើបឡើងនៃកំលាំងចលករសេដ្ឋកិច្ចសំខាន់ៗ

       កំលាំងចលករសេដ្ឋកិច្ចសំខាន់ៗរួមមាន វិស័យវាយភ័ណ្ឌ វិស័យទេ​សចរណ៍ វិស័យកសិកម្មបាន និងកំពុងមានសន្ទុះកំណើនខ្ពស់ ក្រោយ​រដ្ឋាភិបាលបានបើកចំហសេដ្ឋកិច្ចឡើងវិញ ដែលធ្វើឲ្យទំហំនៃការនាំចេញរបស់កម្ពុជាមានកំនើនខ្ពស់ ធៀបនឹងមុនវបត្តិ។

កំណើនខ្ពស់នៃលំហូរពាណិជ្ជកម្ម និងការវិនិយោគ ដោយសារកម្ពុជាបានធ្វើសមាហរណកម្មខ្លួនឯងចូលក្នុងឆាកអន្តរជាតិ និងពិភពលោក ពិសេ​សជាមួយបណ្តាប្រទេសជាដៃគូ ជាក់ស្តែងកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបានចូលជាធរមានជាមួយប្រទេសចិននៅខែមករា ឆ្នាំ២០២២កន្លងមកនេះ និងបានចូលជាសមាជិកនៃRCEP ដែលគ្របដណ្តប់លើមនុស្សប្រមាណ២០០០លាននាក់ និងទំហំពាណិជ្ជកម្មស្មើ៣០ភាគរយនៃពាណិជ្ជកម្មពិភពលោក កម្ពុជាក៏បានចុះហត្ថលេខា និងចូលជាធរមានលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ និងត្រៀមធ្វើការសហការនិងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសជាមិត្តជាច្រើនទៀត។

នៅមានកត្តាជាច្រើនទៀត ដែលយើងមិនបានលើកយកមកបង្ហាញ ពីការដែលរំពឹងថា កម្ពុជានឹងទទួលបានវិនិយោគច្រើនពីបរទេស និងក្នុងស្រុកលើវិស័យអចលនទ្រព្យ បើសិនជាស្ថានភាពល្អប្រសើរឡើងវិញ និងមានរំហូរវិនិយោគិនចូលមកម្ពុជា។

លោកឧកញ៉ាឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលវត្ថុកម្ពុជាបានលើកឡើងថា ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា អាចនឹងដូចមុនវិបត្តិកូវីដ១៩ នៅក្នុងអំឡុងឆ្នាំ២០២៣ឬដើមឆ្នាំ២០២៤។

ជាមួយគ្នានេះ លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia ដែលជំនាញលើទីផ្សារខុនដូនោះថា ក្នុងឆ្នាំ២០២៣នេះទីផ្សារខុនដូនឹងងើបឡើងខ្លាំង អាចនឹងខ្លាំងជាងមុនវិបត្តិកូវីដ១៩ទៅទៀត។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនPropNex Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា វិស័យអចលនទ្រព្យកម្ពុជា ចាប់ផ្តើមមានសញ្ញាល្អប្រសើរ ខណៈលំហូរទុនវិនិយោគពីបរទេស្ងប់ស្ងាត់ក្តី ប៉ុន្តែយើងនៅតែមានសង្ឃឹម ជាពិសេសផ្នែកនិងវិស័យដទៃទៀត នឹងមានការរីកចម្រើ​នលឿននាពេលអនាគតឆាប់ៗនេះផងដែរ ដូចជា វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ច វិស័យកសិកម្ម វិស័យឧស្សាហកម្ម ការវិនិយោគលើអាគារការិយាល័យជាដើម។

ជាមួយគ្នាផងដែរ លោកឡោ វិចិត្រអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមពាណិជ្ជកម្មម៉ាឡេស៊ី កម្ពុជាបានមើលឃើញកម្ពុជា នឹងក្លាយជាខ្លាសេដ្ឋកិច្ចមួយនៅក្នុងរយៈពេល៥ ទៅ១០ឆ្នាំខាងមុខ ដោយសារកត្តាជាច្រើន ដែលរួមមានកំនើនសេដ្ឋកិច្ច លំហូរទុនវិនិយោគពីក្រៅប្រទេស គោលនយោបាយរបស់រាជរដ្ឋា ភិបាល ដើម្បីលើកទឹកចិត្តវិនិយោគិនបរទេស បន្ទាប់ពីច្បាប់វិនិយោគថ្មីបាន​ដាក់ឲ្យដំណើរការ។

លោកបន្ថែមថា “ការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម របស់កម្ពុជានៅឆ្នាំនេះ ក៏ជាផ្នែកមួយដ៏សំខាន់ដែលនឹងទាក់ទាញ ទំនុកចិត្តអ្នកវិនិយោគអន្តរជាតិសម្លឹងមកកាន់ទីនេះផងដែរ”។

បន្ថែមពីលើនេះ លោកបណ្ឌិតBen Liអគ្គនាយកនៃក្រុមហ៊ុនUrban Village ដែលជាវិនិយោគិនហុងកុង និងបានវិនិយោគគំរោងដ៏ធំនៅរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងនាពេលថ្មីៗនេះថា កម្ពុជាមានមូល ដ្ឋាននៃការរីកចម្រើនលឿន ដោយកំនើនសេដ្ឋកិច្ចរបស់ប្រទេសនេះមានកំនើនខ្ពស់ជាងគេលើពិភពលោក ស្របពេលតំបន់អាស៊ាន បាននិងកំពុងក្លាយជាតំបន់មួយ មានសន្ទុះរីកចម្រើនលឿនជាងគេក្នុងពិភពលោក។

លោកបន្តថា “កំណើនប្រជាជនវ័យក្មេង កំណើនប្រជាសាស្រ្តដែលមានអត្រា១,៤ភាគរយប្រចាំឆ្នាំ កម្ពុជាមានកំនើនមនុស្សលឿនជាងគេក្នុងតំបន់”។ លោកបន្ថែមថា “ប្រសិនជាអ្នកមានប្រាក់ សូមវិនិយោគលើអចល​ទ្រព្យនៅកម្ពុជា វានឹងមានឱកាសរីកចម្រើនខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here