ដោយៈ សុផារី
ភ្នំពេញៈ គម្រោងអចលនទ្រព្យបៃតង ចាប់ផ្តើមទទួលបានការយកចិត្តទុកដាក់ និងឱ្យតម្លៃបន្ថែមទៀតនាពេលបច្ចុប្បន្ន។ ជាក់ស្តែងគម្រោងអចលនទ្រព្យបៃតង នៅក្នុងរាជធានីភ្នំពេញបានកើនឡើង គួរឱ្យកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយកាលពីសប្តាហ៍មុនបានឱ្យដឹងថា គម្រោងបៃតងបានកើនឡើងពីចំនួន២៥៨គម្រោង នៅក្នុងឆ្នាំ២០១៩ ដល់២៩០គម្រោង នៅក្នុងឆ្នាំ២០២២ ដោយកើនឡើង១២ភាគរយ។ នៅក្នុងនោះ គម្រោងចំនួន៧៩ភាគរយ កំពុងតែដំណើរការសកម្មភាព។
យោងតាមការសិក្សាដដែលបានឱ្យដឹងថា ក្នុងចំណោមនោះ ខណ្ឌបឹងកេងកង ជាខណ្ឌដែលមានគម្រោងបៃតងច្រើនជាងគេ រហូតដល់ទៅ៥៩គម្រោង រួមមាន គម្រោងលំនៅឋានចំនួន៣០ គម្រោងចម្រុះចំនួន១២ និងការិយាល័យចំនួន៩គម្រោង។
បន្ទាប់ពីខណ្ឌបឹងកេងកង ខណ្ឌចំការមន ក៏មានគម្រោងបៃតងចំនួន៤២គម្រោង រួមមាន គម្រោងលំនៅឋាន១៥ គម្រោងចម្រុះ៩ និងផ្សេងៗ ចំនួន១០។ ខណ្ឌសែនសុខ ក៏ទទួលបានគម្រោងបៃតងច្រើនផងដែរ ដោយមានចំនួន៤១គម្រោង រួមមាន លំនៅឋានចំនួន២៥ ការិយាល័យចំនួន៩ និងគម្រោងចម្រុះចំនួន២។
អ្នកជំនាញអចលនទ្រព្យបានណែនាំ ឲ្យអ្នកអភិវឌ្ឍន៍គិតគូរពីការបន្ថែមគុណតម្លៃនៃភាពបៃតង ទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួន ខណៈតម្រូវការការអភិវឌ្ឍបៃតង បានទទួលការពេញនិយមច្រើនឡើង នៅក្នុងពេលបច្ចុប្បន្ន៕