បណ្តាក្រុមហ៊ុនអភិវឌ្ឍខុនដូថៃបង្ហាញសុទិដ្ឋិនិយម ខណៈមានការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន

0

ដោយ: គង់ លាងហួរ

បាងកក: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូធំៗ មានសេចក្តីសោមនស្សរីករាយ ដែលទីបំផុតភ្ញៀវទេសចរចិនត្រលប់មកប្រទេសថៃវិញ បន្ទាប់ពីខកខានអស់រយៈពេលជិត៣ឆ្នាំ។

លោកស្រី Apa Ataboonwong ប្រធានក្រុមហ៊ុន Richy Place 2002 បានមានប្រសាសន៍ថា ការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន ពិតជាមានផលល្អ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

លោកស្រី​ក៏​ជឿ​ជាក់ថា “ការ​វិល​ត្រឡប់​មក​វិញ​ របស់​អ្នក​ធ្វើ​ដំណើរ​ចិន​ ក៏​នឹង​ធ្វើ​ឲ្យ​ទីផ្សារ​អចលន​ទ្រព្យ​ វិល​មក​រក​ដំណើរការល្អឡើងវិញ និង​ផ្តល់​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​របស់​ប្រទេសថៃ”។

ក្រុមហ៊ុន Richy Place មានគម្រោងចំនួន៥ ដែលមាន៥០យូនីត នៅកណ្តាលទីក្រុងបាងកក ដោយសង្ឃឹមថា គម្រោងទាំងនោះនឹងទទួលបានការចាប់អារម្មណ៍ពីអតិថិជនចិន។

លោកស្រី Apa Ataboonwong   បានបន្តថា ក្រុមហ៊ុនក៏មានគម្រោ ងខុនដូកម្ពស់៣២ជាន់ ដែលមានចំនួន៨០០យូនីត នៅខាងទីក្រុង Thonburi ក្បែរស្ថានីយ៍ Wutthakat BTS ដែលអតិថិជនជនជាតិចិនក៏អាចយល់ថាមានភាពទាក់ទាញផងដែរ។

លោកស្រីបានអះអាងថា ក្រុមហ៊ុនរំពឹងថានឹងអាចលក់ខុនដូ បានយ៉ាងហោចណាស់ពី៣០០ ទៅ៤០០យូនីតដល់វិនិយោគិនចិន។

ទន្ទឹមនឹងនេះ លោក Piya Prayong នាយកប្រតិបត្តិក្រុមហ៊ុន Pruksa Real Estate បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកបានបញ្ចប់គម្រោងខុនដូចំនួន១០ ដែលមានចំនួន៣.០០០យូនីត ស្របពេលមានការត្រលប់មកវិញរបស់ភ្ញៀវទេសចរចិន។

លោក​បន្តថា​ “គម្រោង​ទាំង​នេះ ​នឹង​ទាក់ទាញ​អតិថិជនជនជាតិ​ចិន​ ព្រោះ​វា​ស្ថិត​នៅ​កណ្តាល​រាជធានី និងជិត​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ ឬ​តាម​ដង​ទន្លេ​ចៅប្រាយ៉ា”។

ប្រធានសមាគមអចលនទ្រព្យនៅប្រទេសថៃ លោក Meesak Chunharakchot ជឿជាក់ថា“ការដកការរឹតបន្តឹងនៅក្នុងប្រទេសចិន នឹងជួយធ្វើឱ្យទីផ្សារអចលនទ្រព្យ របស់ប្រទេសថៃមានភាពរស់រវើកឡើងវិញនាពេលឆាប់ៗនេះ”។

ចំណែកលោក Wichai Wiratkaphan នាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មាន អចលនទ្រព្យរបស់ធនាគារលំនៅដ្ឋានរដ្ឋ បានមានប្រសាសន៍ថា ជំងឺរាតត្បាត ហាក់ដូចជាមិនមានផលប៉ះពាល់ច្រើន ដល់ចំណាប់អារម្មណ៍របស់វិនិយោគិនចិននៅក្នុងប្រទេសថៃនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here