ដោយៈ លក្ខិណា
ភ្នំពេញៈ ក្នុងរយៈពេលចុងក្រោយនេះ ខេត្តស្វាយរៀងហាក់ទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ជាពិសេសគម្រោងរោងចក្រឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ច។
ជាក់ស្ដែងយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅរសៀលថ្ងៃទី១៦ មករា ឆ្នាំ ២០២៣កន្លងមកនេះ ខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគថ្មី២ ដែលមានទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដដែលបានបង្ហាញ ពីគម្រោងថ្មីៗទាំងពីរ ដែលដាក់ទីតាំងនៅក្នុងខេត្តស្វាយរៀង ក្នុងនោះរួមមាន។
ទី១- ក្រុមហ៊ុន TECHNOMATE (CAMBODIA) TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងចល័ត អំពូលភ្លើងសូឡា សម្ភារៈប្លាស្ទិក និងសម្ភារៈបរិក្ខារជួសជុល (ដែកស្វាន វីស…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគចំនួន១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង។
ទី២-ក្រុមហ៊ុន TECHNOMATE (CAMBODIA) PRECISION METAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូល អំពូលភ្លើងសូឡា និងបរិក្ខារអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង ។
លោកថា ថេង ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តស្វាយរៀងបានឱ្យដឹងថា ចាប់តាំងពីរដ្ឋាភិបាលប្រកាសសាងសង់ផ្លូវ ល្បឿនលឿនភ្នំពេញ បាវិតឃើញយើងសង្កេតឃើញថា ខេត្តបាវិតជាពិសេសនៅចាប់ផ្ដើម ទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ទាំងក្នុងតំបន់សេដ្ឋកិច្ច និងក្រៅតំបន់សេដ្ឋកិច្ច ។
លោកបន្តថា ថ្មីៗនេះក៏មានក្រុមហ៊ុន និងវិនិយោគិនក្នុងស្រុកជាច្រើនបានចុះទៅដល់ទឹកដី នៃខេត្តស្វាយរៀង ដើម្បីសិក្សាពីការវិនិយោគរបស់ខ្លួន និងមានក្រុមហ៊ុនវិនិយោគិន ក្នុងស្រុកជាច្រើនទៀត ដែលមិនទាន់មានដីធ្លីសម្រាប់វិនិយោគ ក៏ចាប់ផ្ដើមស្វែងរកដី ដើម្បីត្រៀមក្នុងការបណ្ដាក់ទុនវិនិយោគនៅពេលខាងមុខ ជាពិសេសនៅពេលផ្លូវល្បឿនលឿនភ្នំពេញ បាវិតចាប់ផ្ដើមលេចរូបរាង៕