ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងសាងសង់ស្ពានអាកាសថ្មើរជើង ដែលផ្តល់មូលនិធិដោយប្រទេសជប៉ុន ដើម្បីឆ្លងកាត់ផ្លូវដ៏កកស្ទះ ក្នុងទីក្រុង Da Nang ប្រទេសវៀតណាម បានចាប់ផ្តើមហើយកាលពីចុងសប្តាហ៍កន្លងទៅ ដោយគម្រោងនេះនឹងបញ្ចប់ក្នុងខែឧសភា ខាងមុខនេះ។
ស្ពានអាកាសថ្មើរជើងនេះ មានតម្លៃ១,៧៨លានដុល្លារអាមេរិក ត្រូវបានផ្តល់មូលនិធិដោយប្រទេសជប៉ុន និងសាងសង់ដោយក្រុមហ៊ុន Mikazuki Hotel Group។
ស្ពានថ្មើរជើងនេះមានប្រវែង១៤០ម៉ែត្រ នឹងតភ្ជាប់កន្លែងកម្សាន្ត Da Nang Mikazuki ជាមួយឆ្នេរសមុទ្រឆ្លងកាត់ផ្លូវ Nguyen Tat Thanh នៅកណ្តាលទីក្រុង Da Nang ។
លោក Yakabe Yoshinori អគ្គកុងស៊ុលជប៉ុនប្រចាំនៅទីក្រុង Da Nang បានមានប្រសាសន៍ឲ្យដឹងថា ស្ពាននេះនឹងធ្វើជាអំណោយដល់ទីក្រុង Da Nang ដើម្បីអបអរសាទរខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសវៀតណាម និងជប៉ុន ហើយស្ពាននេះ នឹងក្លាយជានិមិត្តរូបនៃចំណងមិត្តភាព រវាងប្រទេសយើងទាំង២ផងដែរ។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang លោក Le Quang Nam បានមានប្រសាសន៍ឲ្យដឹងថា ទីក្រុង Da Nang សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ក្នុងសេដ្ឋកិច្ចសង្គមកាលពីឆ្នាំ២០២២។
ជាពិសេស GRDP របស់ទីក្រុងនេះ បានកើនឡើង១៤,០៥ភាគរយ ក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១ ដែលទីក្រុងនេះជាប់ចំណាត់ថ្នាក់លេខ៣ នៅក្នុងប្រទេសវៀតណាមទាក់ទងនឹងកំណើនសេដ្ឋកិច្ច។
ប្រទេសជប៉ុន គឺជាប្រភពវិនិយោគិនបរទេសធំជាងគេ របស់ទីក្រុង Da Nang ជាមួយនឹងគម្រោងវិនិយោគចំនួន២២២ ដែលមានតម្លៃសរុបជាង១ពាន់លានដុល្លារ។
យោងតាមអ្នកអភិវឌ្ឍន៍គម្រោងនេះបានឱ្យដឹងថា ផ្លូវ ដែលនាំទៅដល់ស្ពានអាកាសតាមបែបជប៉ុន ត្រូវបានបង្ហាញជាចំណង នៅក្នុងសិល្បៈជប៉ុននៃការត្បាញខ្សែ ដែលបង្ហាញពីចំណងដ៏រឹងមាំ នៅក្នុងវប្បធម៌នៃប្រទេសវៀតណាម និងជប៉ុន៕