ផ្លូវហាយវេត្រីភាគីIMT នឹងសមាហរណកម្មកម្ពុជាចូលទៅកាន់ទីផ្សារដ៏ធំ របស់ឥណ្ឌា និងបង់ក្លាដែស

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសឥណ្ឌាកំពុងស្វែងរកការតភ្ជាប់ ការដឹកជញ្ជូនជាមួ​យប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀត ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ការធ្វើដំណើរ និងការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ផ្លូវភ្នំពេញ-ដេលី ដែលត្រូវបានបង្កើតឡើង តាមរយៈការពង្រីកបន្ថែមនៃផ្លូវហាយវេត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ (IMT) ទៅកាន់ច្រករបៀងសេដ្ឋកិច្ចបូព៌ា-ខាងលិច នឹងជួយនាំប្រទេសកម្ពុជា និងប្រទេសនៅតំបន់ភាគអាគ្នេយ៍ផ្សេងទៀតខិតទៅជិតទីផ្សារឥណ្ឌាដ៏ធំមួយ។

គម្រោងផ្លូវប្រវែង៣.២០០គីឡូម៉ែត្រនេះ នឹងអនុញ្ញាតឱ្យប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម កាន់តែមានលទ្ធភាពចូលទៅកាន់ទីផ្សារនៃតំបន់ភាគឦសាននៃប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដែស។

ផ្លូវហាយវេត្រីភាគី IMT អាចត្រូវបានពង្រីកដល់ ច្រករបៀងសេដ្ឋកិច្ចបូព៌ា-ខាងលិច ដែលភ្ជាប់ខ្លួនវាបន្ថែមទៀតជាមួយ មហាអនុតំបន់មេគង្គ (GMS) នៅតំបន់អាស៊ីអាគ្នេយ៍។

យោងតាមការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលត្រូវបានចាត់តាំងដោយប្រទេសឥណ្ឌាសម្រាប់ការសិក្សាលទ្ធភាព លើផ្នែកបន្ថែមរបស់ ផ្លូវហាយវេត្រីភាគី IMT បានឱ្យដឹងថា“លទ្ធភាពនៃការអភិវឌ្ឍផ្លូវភាគខាងត្បូង សម្រាប់ផ្នែកបន្ថែមមើលទៅមានលទ្ធភាពជាងផ្លូវភាគខាងជើង”។

ផ្លូវភាគខាងត្បូង អាចទៅដល់ទីក្រុងអារញ្ញប្រាថេត តាមព្រំដែនថៃ-កម្ពុជា បន្ទាប់ពីឈានទៅដល់ទីក្រុងមេសត និងបាងកក។

ផ្លូវ​តភ្ជាប់​ដែល​បាន​ស្នើ​ឡើង​ នឹង​ធ្វើ​ដំណើរ​កាត់​ទីក្រុង​សំខាន់ៗ​របស់​កម្ពុជា​ ដូច​ជា ​រាជធានី​ភ្នំពេញ​ ទៅ​កាន់ទីក្រុង​បាវិត​ ក្បែរ​ព្រំដែន​អន្តរជាតិ​ជាមួយ​ប្រទេស​វៀតណាម។

នៅប្រទេសវៀតណាម ច្រករបៀងនឹងតភ្ជាប់កំពង់ផែ Go Dau និងទីក្រុងហូជីមិញ និងទីក្រុង Vung Tau។

យោងតាមគម្រោងនេះ ផ្លូវភាគខាងជើងអាចឆ្លងកាត់រដ្ឋShan នៃប្រទេសមីយ៉ាន់ម៉ា និងស្ពានមិត្តភាពមីយ៉ាន់ម៉ា-ឡាវ រហូតដល់ Pang Hok ដែលជាច្រកព្រំដែនរវាងឡាវ និងវៀតណាម។

បន្ទាប់ពីចូលដល់ប្រទេសវៀតណាម តាមរយៈ Tay Trang ផ្លូវនេះអាចតភ្ជាប់ជាមួយទីក្រុង Dien Bien Phu Phong ទីក្រុងហាណូយ និងទីក្រុង Hai Phong។

ទន្ទឹមនឹងនេះ ឥណ្ឌាក៏កំពុងសាងសង់ផ្នែកពីរ នៃផ្លូវហាយវេត្រីភាគី IMT ក្នុងប្រទេសមីយ៉ាន់ម៉ា គឺផ្នែកផ្លូវ Kalewa-Yagyi ប្រវែង១២០,៧៤គីឡូម៉ែត្រ និងស្ពានចំនួន៦៩ខ្សែ រួមជាមួយនឹងផ្លូវទៅកាន់ផ្នែកផ្លូវTamu-Kyigone-Kalewa (TKK) ដែលមានប្រវែង១៤៩,៧គីឡូម៉ែត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here