ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនYUNWOO ម្ចាស់GOLD TOWER42 បានប្រកាសថា ការសាងសង់អាគារនេះឡើងវិញនឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៨ និងបញ្ចប់ជាផ្លូវការនៅចុងឆ្នាំ២០១៩ខាងមុខនេះ។
លោកKIM TAE YEON អគ្គនាយកក្រុមហ៊ុនYUNWOO Co, Ltdបានថ្លែងប្រាប់ក្រុមអ្នកសារព៌តមាន ក្រោយបញ្ចប់ពិធីចុះកិច្ចព្រមព្រៀងជាមួយ អគ្គនាយកក្រុមហ៊ុនSHENGZHENG HONGTOAO Decoration និងក្រុមហ៊ុនWAIMAN Construction& Engineering (Macao China)នាព្រឹកថ្ងៃទី២២ វិច្ឆិកានេះថា ក្រុមហ៊ុនសាងសង់នឹងចាប់ផ្តើមសាងសង់អាគារនេះឡើងវិញ នៅដើមឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់ជាផ្លូវការនៅឆ្នាំ២០១៩ខាងមុខនេះ។
លោកបន្តថា “ខ្ញុំបានសន្យាជាមួយនាយករដ្ឋមន្រ្តីហ៊ុន សែននិងប្រជាជនកម្ពុជាថា នឹងបញ្ចប់ការសាងសង់អាគារនេះ នៅចុងឆ្នាំ២០១៩ខាងមុខនេះយ៉ាងពិតប្រាកដ”។
លោកបន្តថា “អាគារGold Tower42 នឹងចាប់ផ្តើមលក់ជាថ្មីនៅពេលគ្រោងអាគារនេះបញ្ចប់ ហើយយើងនឹងផ្តល់ឲ្យអតិថិជនដឹងថា អាគារនេះមានលក្ខណៈពិសេសដូចម្តេច នៅពេលសាងសង់ចប់ហើយយើងមានទំនុកចិត្តថា វានឹងទទួលបានជោគជ័យ”។
អាគារGold Tower៤២ បានបញ្ចប់ការសាងសង់ដល់ជាន់ទី៣១រួចហើយ។ អាគារនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលមានចំណតយានយន្តក្រោមដីចំនួន៥ជាន់ និងចាប់ពីជាន់ទី១ដល់ទី៣ ជាផ្សារទំនើប ចាប់ពីជាន់ទី៤ដល់ជាន់ទី១២ ជាអាគារការិយាល័យ និងពីជាន់ទី១៣ដល់ជាន់ទី៤២ជាខុនដូ ដែលមានផ្ទះចំនួន៣៩៩យូនីត។