ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ចាប់តាំងពីផ្លូវល្បឿនលឿនទី១របស់កម្ពុជា បានដាក់ដំណើរការជាផ្លូវការ កំណើនភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ បានធ្វើដំណើរកម្សាន្តទៅ កាន់ខេត្តព្រះសីហនុ តាមផ្លូវល្បឿនលឿន ដោយសារតែការធ្វើដំណើរប្រើរយៈពេលខ្លី និងងាយស្រួលក្នុងការបើកបរផងដែរ។
តាមរយៈកំណើននៃភ្ញៀវទេសចរ និងវត្តមានផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនេះដែរ បាននិងកំពុងជំរុញឱ្យខេត្តព្រះសីហនុ កាន់តែមានភាពទាក់ទាញនិងមានគម្រោងវិនិយោគថ្មីៗនិងធំៗផងដែរ។
កាលពីពេលថ្មីៗនេះដែរ ក្រុមបរទេសមួយបានបង្ហាញ ពីចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការដាក់ទុនវិនិយោគ លើគម្រោងអភិវឌ្ឍន៍ខ្សែរ៉កជិះកម្សាន្តមើលទេសភាព នៅក្នុងខេត្តព្រះសីហនុ ហើយគម្រោងនេះក៏ត្រូវបានទទួលការសាទរពីរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជារដ្ឋាភិបាលនិងបានជំរុញឱ្យសិក្សាក្នុងការអភិវឌ្ឍន៍ គម្រោងដ៏ធំមួយនេះនៅកម្ពុជា ។
ក្រៅពីគម្រោងមួយនេះ នៅរយៈពេល៥ឆ្នាំឬលើសនេះតិចតួច នៅខេត្តព្រះសីហនុ នឹងមានអាកាសយានដ្ឋានថ្មីមួយទៀត នៅលើកោះរ៉ុង ដែលវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់គ្រុប ។ វត្តមានព្រលានយន្តហោះនេះដែរ នឹងនាំភ្ញៀវទេសចរជាពិសេសទេសចរអន្តរជាតិ ទៅកាន់ទឹកដីនៃខេត្តព្រះសីហនុបន្ថែមទៀត ហើយក៏ធ្វើឱ្យខេត្តមាត់សមុទ្រមួយនេះ កាន់តែសំបូរបែបលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
លើសពីនេះ ក្រុមហ៊ុនPrince Real Estate Groupនិងដៃគូបានចាប់ផ្តើមសាងសង់គំរោងទីក្រុងពាណិជ្ជកម្មលំដាប់ពិភពលោកឈ្មោះBay of The Light លើទំហំដីជាង៨០០ហិកតា នៅតំបន់រាម ស្ថិតក្នុងស្រុក ព្រៃនប់ ខេត្តព្រះសីហនុផងដែរ។
រាជរដ្ឋាភិបាល ក៏បានជំរុញឱ្យពន្លឿនការសិក្សា គម្រោងផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុផងដែរ។ ដូច្នេះខេត្តព្រះសីហនុនឹងមានទាំងផ្លូវល្បឿនលឿន ផ្លូវទឹក (កំពង់ផែអន្តរជាតិ ) ផ្លូវអាកាស(ព្រលានយន្តហោះកងកេង )និងផ្លូវដែក ដែលសុទ្ធតែសក្ដានុពលសំខាន់ ក្នុងការទាក់ទាញវិនិយោគិននិងទេសចរ ទៅកាន់ក្រុងព្រះសីហនុ ។
កាលពីចុងសប្ដាហ៍កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងបានលើកយកពីការប្រើប្រាស់ដីធ្លី នៅក្នុងក្រុងព្រះសីហនុមកជជែក ដែលមានន័យថារដ្ឋាភិបាល ក៏បាននិងកំពុងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍដីធ្លី នៅក្នុងតំបន់សមុទ្រមួយនេះផងដែរ។
ទន្ទឹមនឹងរដ្ឋបាលខេត្តព្រះសីហនុផ្ទាល់ ក៏បាននិងកំពុងរកដំណោះស្រាយបន្តដំណើរការអគារ ដែលជាប់គាំងនៅក្នុងក្រុងព្រះសីហនុ ទាំងជាង១០០០អគារផងដែរ ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន បានបង្ហាញនូវសុទិដិ្ឋនិយមចំពោះតំបន់មួយនេះ ហើយរំពឹងថានៅពេលស្ថានភាពសេដ្ឋសកលបានប្រសើរឡើងវិញ វិនិយោគិនបរទេសកាន់តែច្រើន នឹងចូលមកកម្ពុជាហើយបន្តទៅកាន់ខេត្តព្រះសីហនុដើម្បី ស្វែងរកការវិនិយោគនានានិងអាចស្ទុះឡើងកាន់តែខ្លាំងបន្ថែមទៀត។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោចាប់ពីថ្ងៃទី៩ដល់១១ កុម្ភៈខាងមុខ សម្តេចនឹងលើកឡើងនូវសំណើរមួយចំនួនពីមិត្តចិន ដើម្បីអភិវឌ្ឍន៍កម្ពុជា ពិសេសគំរោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ព្រះសីហនុ ដែលបច្ចុប្បន្នយើងមានផ្លូវរថភ្លើង ចាស់ស្រាប់រួចទៅហើយ៕