ដោយៈ គង់ សូរិយា
ភ្នំពេញៈជាអ្នកអភិវឌ្ឍន៍ដែលផ្តើមចេញ ពីភ្នាក់ងារអចលនទ្រព្យសាមញ្ញមួយរូប លោកជំទាវឧកញ៉ាគង់ សំណាងបានចូលដល់ជម្រៅចិត្តអតិថិជន និងយល់ពីរសនិយមរបស់ពួកគេ។
អគ្គនាយិកាបុរីវិមានសំណាងរូបនៅ កំពុងបង្ហាញសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២៣នេះ ស្របពេលការសាងសង់ផ្ទះគំរូវីឡាឃីង និងវីឡាឃ្វីនបានត្រៀមបញ្ចប់ ជាមួយនឹងលទ្ឋផលការលក់ សម្រេចបាន៤០ភាគរយ នៅក្នុងគំរោងដំណាក់កាលទី១។
លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ដោយសារយើងបានសិក្សាពីរសនិយមអតិថិជន បុរីវិមានសំ ណាងបានធ្វើឲ្យអ្នកមានជីវភាពធូរធារ មានការកោតសរសើរទៅលើម៉ូតផ្ទះ បែបក្លាសិក ដែលជារចនាបទសហសម័យ ជាមួយនឹងការរចនាផ្នែកខាងក្នុងស័ក្តិសមនឹងតម្លៃ និងកម្រិតជីវភាពរបស់អ្នកមាន។
លោកជំទាវបន្តថា “សូម្បីតែខ្ញុំក៏ពេញចិត្តនឹងអ្វី ដែលយើងបានធ្វើនិងកំពុងបង្ហាញនៅផ្ទះគំរូបរបស់យើងបណ្តើរៗដែរ ហេតុនេះអតិថិជននឹងអាចទស្សនាផ្ទះគំរូឆាប់ៗនេះ”។ លោកជំទាវបន្តថា “បុរីខ្លះធ្វើផ្ទះគំរូផ្សេង ប៉ុន្តែបុរីរបស់យើង ធ្វើផ្ទះពិតមានភាពពិសេសលើស ពីផ្ទះគំរូអតិថិជនរបស់យើង ដែលបានទិញ ជាក់ស្តែងអតិថិជនរបស់យើង ពួកគេពិតជាសម្បាយចិត្តនៅពេលបានដឹងពីអ្វីដែលយើងនឹងផ្តល់ជូនពួកគេ”។
បុរីវិមានសំណាងបាន និងកំពុងគិតគូរជាចម្បងលើការរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ដូចជាផ្លូវធំទូលាយ ដាំដើមឈើខៀវស្រងាត់ និងស្រស់បំព្រង មានព្រែកធម្មជាតិ ដែលលំអរដោយសួនច្បារ ដែលអ្នករស់នៅអាចដើរហាត់ប្រាណ ស្ទូចត្រី និងអាចអង្គុយជជែកគ្នា នៅតាមហាងកាហ្វេក្នុងបុរីផងដែរ។
លោកជំទាវឧកញ៉ាគង់ សំណាងបានមានប្រសាសន៍ឲ្យដឹងផងដែរថា អ្វីដែលយើងអភិវឌ្ឈន៍ គឺផ្តល់នូវរសនិយម និងការបត់បែនតាមសម័យកាលរបស់អតិថិជន ហេតុនេះយើងមិនផ្តោតលើប្រាក់ចំណេញ ជាអាទិភាពទេ ប៉ុន្តែយើងផ្តោតលើការកសាងទំនុកចិត្ត និងការកសាងសហគមន៍ពោរពេញ ដោយភាពរសរវើក និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ៕