អ្នកជំនាញ៖ វិនិយោគដីធ្លីនៅទីក្រុងបង្កើតថ្មីនៅតែផ្តល់ផលចំណេញខ្ពស់សម្រាប់រយៈពេលមធ្យម

0

ដោយ៖ សុផារី

កណ្តាល៖ ការប្រកាសបង្កើតក្រុងថ្មីរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះមិនបានបង្កើតជាដំណឹងថ្មីខ្លាំងសម្រាប់អ្នកវិនិយោគឡើយ ដោយសារដំណឹងនេះត្រូវបានប៉ាន់ស្មានជាយូរមកហើយ។ អ្នកជំនាញអចលនទ្រព្យលើកឡើងថា ការវិនិយោគលើតំបន់បង្កើតថ្មីនាពេលនេះមិនទាន់ហុចផលភ្លាមៗនោះទេ តែវាសក្តិសមនឹងការវិនិយោគរយៈពេលមធ្យម និងវែងច្រើនជាង។

លោក ង៉ែត ជូ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និងវិនិយោគមួយរូបបានឱ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣កន្លងមកថា ការបង្កើតក្រុងថ្មីមិនអាចធ្វើអោយទីផ្សារដីធ្លី ដែលកំពុងស្ងាត់កំរើកឡើងវិញភ្លាមៗបាននោះទេ។

យ៉ាងណាក្តី លោកថា នៅពេលនេះគឺជាពេលវេលាដ៏ល្អបំផុតសំរាប់ការវិនិយោគរយៈពេលវែង សម្រាប់ការវិនិយោគ ក្នុងរយៈពេលចាប់ពី៥ឆ្នាំឡើងទៅ ដោយផ្អែកលើហេតុផល២យ៉ាង។

លោកបានលើកឡើងថា ហេតុផលទី១ ជាផលចំណេញសម្រាប់អ្នកវិនិយោគ ដោយគាត់អាចទិញបានដី ដែលល្អៗ និងមានតម្លៃក្រោមតម្លៃទីផ្សារ យ៉ាងហោចណាស់ប្រមាណពី២០ភាគរយ ទៅ៣០ភាគរយ។

លោកបន្តថា ហេតុផលទី២ គឺ ការបង្កើតក្រុងថ្មីនឹងនាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័ មិនថាលើការអភិវឌ្ឍប្រព័ន្ធទឹក ភ្លើង ផ្លូវ សាលារៀន មន្ទីរពេទ្យ ។ល។ ព្រមទាំងសេវាសាធារណៈ ដែលបង្កភាពងាយស្រួល និងកាន់តែខិតទៅជិតប្រជាពលរដ្ឋ ដែលនេះជាហេតុនាំឱ្យកាន់តែជំរុញល្បឿន នៃការអភិវឌ្ឍក្នុងតំបន់កាន់តែលឿនបន្ថែមទៀត។

លោកបានពន្យល់ណែនាំថា ប្រសិនបើចង់វិនិយោគ ចំណុចគន្លឹះនៃការវិនិយោគគឺ “វិនិយោគិនត្រូវចេះទិញដី ដែលល្អ ទិញក្រោមតម្លៃទីផ្សារ និងមានលុយគ្រប់គ្រាន់ ឬខ្ចីធនាគារតិចតួច ដើម្បីបង្រ្គប់”។

លោក ច្រឹក សុខនីម អ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតទីក្រុងថ្មីនេះចាប់ផ្តើម តម្រូវការដីនឹងមានការកើនឡើង ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង។ ប៉ុន្តែយ៉ាងណាក្តី ការរៀបចំក្រុងថ្មីនេះទាមទារនូវការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានកាន់តែប្រសើរជាងមុនផងដែរ។

លោកលើកឡើងថា សម្រាប់ឆ្នាំ២០២៣ តម្លៃដី​នៅក្នុងក្រុងបង្កើតថ្មីអាចនឹងមិនប្រែប្រួលខ្លាំងនោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ក៏ដូចជាបញ្ហាអូសបន្លាយនៃសង្រ្គាមអ៊ុយក្រែន។ តែយ៉ាងណា ចាប់ពីឆ្នាំ២០២៤ និងឆ្នាំ២០២៥ តម្លៃដីអាចនឹងកើនឡើងពី២០% ទៅ៣០%នៃតម្លៃបច្ចុប្បន្ន។

យ៉ាងណាក្តី អ្នកជំនាញរូបនេះលើកឡើងថា ការបង្កើតក្រុងទាំងបីនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចនៅតាមតំបន់ ឱ្យកាន់តែមានភាពទាក់ទាញ និងមានការរីកចម្រើនជាមុន ​ក៏ដូចជាការបង្កើនការផ្តល់សេវាសាធារណៈកាន់តែកៀក និងមានប្រសិទ្ធភាព៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here