មហាសេដ្ឋីធំលំដាប់ទី២នៅអស៊ី លោក Hui Ka Yan បាត់បង់ទ្រព្យសម្បត្តិអស់ជិត៩៣ភាគរយ

0

ដោយ: គង់ លាងហួរ

ហុងកុង: នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វាមិនមែនជារឿងអស្ចារ្យ សម្រាប់មហាសេដ្ឋីក្នុងប្រទេសចិននោះទេ ជាពិសេសមហាសេដ្ឋី ដែលបានដាក់បញ្ចូលទ្រព្យសម្បត្តិរបស់ពួកគេ នៅក្នុងទីផ្សារអចលនទ្រព្យ​ដែលកំពុងងើបចេញពីវិបត្តិ។

ជាក់ស្តែង ទ្រព្យសម្បត្តិសុទ្ធរបស់ លោក Hui Ka Yan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande   និងធ្លាប់ជាមហាសេដ្ឋីលំដាប់ទី២នៅអាស៊ី បានធ្លាក់ចុះជិត៩៣ភាគរយ។

សារពត៌មានBloomberg បានរាយការណ៍ថា ទ្រព្យសម្បត្តិរបស់លោកHui បានធ្លាក់ចុះពី៤២ពាន់លានដុល្លារ ដែលស្ថិតនៅកម្រិតកំពូលក្នុងឆ្នាំ២០១៧ មកនៅត្រឹមប្រហែល៣ពាន់លានដុល្លារ។

Evergrande គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលជាប់បំណុ​លរហូតដល់៣០០ពាន់លានដុល្លារ និងជាចំណុចស្នូលនៃបញ្ហាអចលនទ្រព្យរបស់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០២១។

លោក Hui Ka Yan ដែលត្រូវបានគេស្គាល់ថា Xu Jiayin ជាភាសាចិនកុកងឺ បានប្រើប្រាស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីទប់ក្រុមហ៊ុនដែលកំពុងហ៊ុមព័ទ្ធដោយបញ្ហាបំណុល ដោយបានលក់ផ្ទះ និងយន្តហោះឯកជនរបស់លោក។

ទោះបីជាយ៉ាងណាក្តី វានៅតែមិនគ្រប់គ្រាន់ដដែល ហើយក្រុមហ៊ុន Evergrande បានខកខានសងមូលបត្របំណុល រាប់ពាន់លានដុល្លារអាមេរិករបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីបានរៃអង្គាសប្រាក់អស់ជាច្រើនខែ ដើម្បីសងបំណុលដល់ម្ចាស់បំណុល អ្នកផ្គត់ផ្គង់ និងវិនិយោគិន។

កាលពីឆ្នាំ២០២២ ក្រុមហ៊ុនEvergrande ធ្លាប់បានបរាជ័យក្នុងការបញ្ចេញផែនការរៀបចំ រចនាសម្ព័ន្ធបំណុលបឋមរបស់ខ្លួន ដែលនាំឲ្យមានការព្រួយបារម្ភបន្ថែមទៀត អំពីអនាគតរបស់ក្រុមហ៊ុននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here