រយៈពេល៣ឆ្នាំ កម្ពុជាផ្សព្វផ្សាយកិត្យានុភាពលើឆាកអន្តរជាតិជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិចំនួន៣

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងរយៈពេល៣ឆ្នាំជាប់គ្នានេះកន្លងមក ប្រទេសកម្ពុជាមានមោទកភាពក្រៃលែង ដោយបានផ្សព្វផ្សាយកិត្យានុភាពលើឆាកអន្តរជាតិ ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិចំនួន៣។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ថា នៅក្នុងឆ្នាំ២០២១ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ប៉ុន្តែដោយសារតែអំឡុងពេលនោះកម្ពុជា និងពិភពលោកបានជួបប្រទះនឹងវិបត្តិនៃជំងឺកូវីដ១៩ ដែលធ្វើឱ្យកិច្ចប្រជុំនោះរៀបចំឡើងតាមប្រព័ន្ធអនឡាញជំនួសវិញ។ សម្តេចតេជោលើកឡើងថា ប្រសិនបើមិនមានកូវីដ១៩នោះទេ កិច្ចប្រជុំនេះនឹងនាំមកនូវថ្នាក់ដឹកនាំពិភពលោក និងវិនិយោគិនចូលមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ។

សម្ដេចបន្តថា នៅក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយកិច្ចប្រជុំនេះដែរក៏ទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនផងដែរ។ កិច្ចប្រជុំនេះដែរក៏មានវត្តមានមេដឹកនាំអាស៊ាន និងមេដឹកនាំពិភពលោកជាច្រើនរូបទៀតអញ្ជើញចូលរួមផងដែរ។

សម្ដេចបន្តទៀតថាក្នុងឆ្នាំ២០២៣នេះ ក៏ជាឆ្នាំប្រវត្តិសាស្ត្រដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយនៅថ្ងៃទី២៥ ខែមករាខាងមុខនេះ យើងនឹងរៀបចំពិធីរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ការរង់ចាំអស់រយៈពេល៦០ឆ្នាំកន្លង។ សម្ដេចក៏បានសុំការយោគយល់ចំពោះប្រទេសអាស៊ាន នានាដែលកម្ពុជាមិនបានទទួលយកនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមមករៀបចំ ដោយសារតែកម្ពុជាត្រូវការថវិកាសម្រាប់អភិវឌ្ឍន៍ប្រទេស ដូចជា សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធនានា។

អ្នកជំនាញអចលនទ្រព្យ ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះការធ្វើជាម្ចាសផ្ទះនៃព្រឹត្តិការណ៍អន្តរជាតិសំខាន់ទាំងនោះផងដែរ។ នៅពេលស្ថានភាពកូវីដ១៩ និងសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញ កម្ពុជារំពឹងថានឹងអាចទទួលបាននូវវិនិយោគិនថ្មីៗបន្ថែមទៀត។

លោកស្រី ហ្គ្រេស រចនី អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានលើកឡើង ថា នៅពេលខាងមុខ កម្ពុជានឹងទទួលបានការវិនិយោគពីប្រទេសក្រៅបន្ថែមទៀត ស្របពេលដែលកម្ពុជាបានបង្ហាញវត្តមានលើឆាកអន្តរជាតិ និងមានអ្នកស្គាល់ពីកម្ពុជាកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។

លោកស្រីបន្តថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងរៀបចំក្នុងឆ្នាំ២០២៣ក៏ជាព្រឹត្តិការណ៍មួយ នាំភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិចូលមកកម្ពុជាបន្ថែមទៀតផងដែរ។ ពេលនោះជាឱកាសសម្រាប់កម្ពុជា ក្នុងការបង្ហាញពីសក្ដានុពលវិនិយោគនានា ដល់បណ្ដាវិនិយោគិន ដែលជាទេសចរទស្សនាការប្រកួតកីឡានៅពេលនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here