អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុករង់ចាំយ៉ាងអន្ទះសារនូវការវិលត្រលប់របស់ចិនចូលមកម្ពុជា

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រោយប្រទេសចិនប្រកាសបើកប្រទេសឡើងវិញ អាជីវករ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាមិនតិចទេកំពុងរង់ចាំនូវឱកាស និងវត្តមានរបស់ប្រជាជនចិនវិលមកកម្ពុជាវិញ។ តើវត្តមាននៃជនជាតិចិនទាំងនោះមានសារៈសំខាន់យ៉ាងណាចំពោះសកម្មភាពសេដ្ឋកិច្ចកម្ពុជា?

ហេតុផលទី១ អាជីវករជាច្រើនបានឱ្យដឹងថា ជនជាតិចិនភាគច្រើន គឺជាអ្នកដែលចាយលុយច្រើនជាងទេសចរជនជាតិដទៃទៀត។ ជាក់ស្ដែង ការហូបចុករបស់ជនជាតិចិនក៏ឃើញស្រាប់ ពួកគេហូបម្ដងៗមិនអស់តិចនោះទេ ខណៈបរទេសផ្សេងទៀតមានការសន្សំសំចៃ។ ជនជាតិចិនខ្លះទៀត មិនរិះថាំ លើការចាយវាយលើសេវាកម្មដែលគេប្រើ តែសម្រាប់ជនជាតិដទៃទៀត គេមានលុយចាយដូចគ្នា តែការចាយវាយមានភាពភាពខុសគ្នា។

បើក្រលេកនៅប្រទេសថៃ ការសិក្សាបានបង្ហាញថា អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ ជនជាតិចិនម្នាក់ចំណាយដល់ទៅជិត៥ម៉ឺនបាត ឬប្រមាណជាង១.៥០០ដុល្លារអាមេរិក តែចិនខ្លះទៀតបានចំណាយលើសនេះទៅទៀត។ នៅកម្ពុជា ជនជាតិ ចិនខ្លះគ្នា៤នាក់ចាយមួយយប់អស់១ពាន់ដុល្លារអាមេរិកក៏មានដែរ ខណៈជនជាតិអឺរ៉ុបមួយយប់ចាយត្រឹម១ដុល្លារដោយញ៉ាំស្រាបៀរ១កំប៉ុងប៉ុណ្ណោះ។

កត្តាទាំងនេះហើយដែលអាជីករ អ្នកអភិវឌ្ឍន៍មួយចំនួនចង់ឃើញវត្តមានជនជាតិចិននៅកម្ពុជាច្រើនឡើងវិញ ដូចកាលមុនពេលមានវិបត្តិកូវីដ១៩។ ជាការកត់សម្គាល់ និងមិនអាចប្រកែកបាននោះ វត្តមានជនជាតិចិន នៅក្នុងក្រុងព្រះសីហនុបានធ្វើឱ្យអគាររាប់រយរាប់ពាន់រីកដុះដាលខ្លាំង ហើយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុភាគច្រើនក៏មានជីវភាពប្រសើររកប្រាក់ចំណូលបានច្រើនជាងមុនខ្លាំង។

ប៉ុន្តែក្រោយជនជាតិចិនចាកចេញពីប្រទេសកម្ពុជា ធ្វើឱ្យអាជីវករនិងអ្នកធ្លាប់ទទួលបានផលប្រយោជន៍ពីវត្តមានជនជាតិចិននោះក៏បាត់បង់ចំណូលច្រើន ដូច្នេះហើយពួកគាត់ក៏កំពុងទន្ទឹងរង់ចាំការវិលត្រលប់មកវិញនៃជនជាតិចិនមកកម្ពុជា។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានប្រាប់គេហទំព័រ Property Area ឱ្យដឹងកាលពីពេលថ្មីៗនេះថា ការវិលត្រលប់មកវិញនៃជនជាតិចិនមកកម្ពុជានឹងអាចផ្ដល់ប្រយោជន៍ដល់កម្ពុជា ជាពិសេស នឹងជំរុញការវិនិយោគពីខាងក្រៅប្រទេសចូលមកកម្ពុជា ប៉ុន្តែភ្លាមៗប្រហែលមិនទាន់មានច្រើននោះទេ។

ក្នុងឆ្នាំ២០២៣នេះ កម្ពុជាមិនមែនរំពឹងថា មានតែជនជាតិចិនមួយប៉ុណ្ណោះទេ ដែលនឹងចូលមកកម្ពុជាឡើងវិញ ប៉ុន្តែវិនិយោគិនបរទេស ទាំងក្នុងតំបន់អាស៊ាន និងក្នុងតំបន់អាស៊ី ក៏ដូចជា ពិភពលោកទាំងមូល នឹងចូលមកកម្ពុជាឡើងវិញ ក្រោយពីស្ថានភាពកូវីដ១៩បានស្ងប់ស្ងាត់ ជាពិសេសស្ថានភាពសេដ្ឋកិច្ចពិភពលោកបានប្រសើរឡើងវិញ។ នៅចុងឆ្នាំ២០២៣ឬដើមឆ្នាំ២០២៤ខាងមុខនេះ អ្នកជំនាញអចលនទ្រព្យនៅកម្ពុជាមួយចំនួនក៏រំពឹងថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជានឹងអាចវិលទៅរកស្ថានភាពដូចមុនកូវីដ១៩បណ្ដើរៗឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here