ដោយ៖ វឌ្ឍនៈ
ភ្នំពេញ: ក្រសួងសាធារណការកំពុងចាប់ផ្ដើមសិក្សាលទ្ធភាពនៃគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុតនៅកម្ពុជា ប្រមាណ ៣៨២គ.ម គ្រោងត្រូវការទុនជាង ៤ពាន់លានដុល្លារ។
ខ្សែរថភ្លើយនេះត្រូវបានសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC)។
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋមនៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
តំណាងក្រុមហ៊ុនCRBC របស់ចិន បានលើកយកនូវចំណុចសំខាន់ៗដែលបានសិក្សា មកបង្ហាញជូនអង្គប្រជុំឱ្យបានជ្រាប រួមមានដូចជា (១)ទិដ្ឋភាពទូទៅនៃគម្រោង (២) ការវិភាគលើទំហំសេដ្ឋកិច្ច និងទំហំចរាចរណ៍ (៣) ផែនការនៃការសាងសង់ (៤) ស្តង់ដារបច្ចេកទេសគោលនៃខ្សែផ្លូវដែក (៥)ការរៀបចំការដឹក ជញ្ជូន (៦) រយៈពេលនៃការសាងសង់ និងការវិនិយោគសរុប (៧)ការវាយតម្លៃលើផ្នែកហិរញ្ញវត្ថុ និង (៨) ការបញ្ជាក់អំពីបញ្ហាសំខាន់ៗមួយចំនួន។
គម្រោងនេះមានប្រវែងសរុបប្រមាណ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង១.៤៣៥មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន១៤ទៀត ក្នុងផែនការរយៈពេលវែង)។
ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នក ដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើក ដាក់ទំនិញ) ។
លោកបានបញ្ជាក់ថា លោកនឹងមានជំនួបពិភាក្សាជាមួយ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ដើម្បីពិភាក្សាអំពីលទ្ធភាព និងលក្ខខណ្ឌនៃការអនុវត្តគម្រោង ព្រមទាំងស្នើសុំអនុសាសន៍ណែនាំបន្ថែមទៀត ដើម្បីជំរុញឱ្យដំណើរការនៃការសិក្សានេះមានលក្ខណៈលម្អិត និងសព្វជ្រុងជ្រោយ។
ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលការអនុញ្ញាតឱ្យមានការសិក្សាគម្រោងនេះ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២កន្លងទៅ។ គម្រោងនេះគឺជាគម្រោងដែលផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងកម្ពុជា និងថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយនឹងក្លាយជាផ្លូវដែកល្បឿនលឿនស្ដង់ដារដំបូងគេបំផុត នៅកម្ពុជា៕