ដោយ៖ សុផារី
ភ្នំពេញ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះថា ក្រុងបាត់ដំបង ត្រូវបានជ្រើសរើសជាបណ្ដាញទីក្រុងឆ្លាតអាស៊ាន ឬ Smart City ដែលមានសមាជិកទីក្រុងចំនួន២៦។
លោក សុខ លូ បានអះអាងថា បណ្តាញទីក្រុងឆ្លាតអាស៊ាន ត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៨ មានក្របខណ្ឌទីក្រុងឆ្លាតអាស៊ានដែលចង្អុលបង្ហាញអំពីយុទ្ធសាស្ត្រ ប្រព័ន្ធគ្រប់គ្រងទីក្រុងប្រធានបទអភិវឌ្ឍដែលត្រូវផ្តោតយកចិត្តទុកដាក់ និងកត្តាជម្រុញការងារទីក្រុងឆ្លាត។
រដ្ឋបាលខេត្តបាត់ដំបង បានលើកគម្រោងអភិវឌ្ឍធំចំនួន២ គឺការគ្រប់គ្រងលំហសាធារណៈ និងចំណីផ្លូវ និងការគ្រប់គ្រងសំណល់រឹង និងរាវ។ តាមរយៈព្រឹត្តិការណ៍របស់បណ្តាញទីក្រុងឆ្លាតអាស៊ាន រដ្ឋបាលខេត្តបានធ្វើការទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍមួយចំនួន រួមមាន ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជូន និងទេសចរណ៍ (MLIT) ប្រទេសជប៉ុន អង្គការ UNESCAPធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនជប៉ុន។
លោកបានបន្ដទៀតថា រដ្ឋបាលខេត្តក៏បានខិតខំតម្រង់ទិស ការអភិវឌ្ឍឲ្យស្របតាមគោលគំនិតទីក្រុងឆ្លាតផងដែរ៕