រដ្ឋាភិបាលនឹងកែលំអរព្រលានយន្តហោះក្រុងបាត់ដំបងទៅជា ព្រលានលំដាប់អន្តរជាតិ

0

ដោយៈ គង់ សូរិយា

       បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូបាមបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យកែលម្អព្រលានយន្ដហោះវាលបែកចាន នៅខេត្តបាត់ដំបងឡើងវិញ ហើយលើកកម្រិតទៅ 4C សំដៅទាក់ទាញភ្ញៀវទេសចរទៅកាន់ទឹកដីដ៏ស្រស់បំព្រងមួយនេះ។

លោក សុខ លូបានមានប្រសាសន៍ឲ្យដឹងបែបនេះ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង


ព្រលានយន្តហោះកម្រិតប្រភេទ4C ដែលត្រូវកែលម្អព្រលានយន្ដហោះវាលបែកចាននេះ គឺស្មើនឹងទំហំព្រលានយន្ដហោះ នៅខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ។

ទោះជាយ៉ាងណា លោកអភិបាលខេត្ត មិនទាន់អាចបញ្ជាក់បានថា នឹងបើកការដ្ឋាននៅពេលណានោះទេ ខណៈបច្ចុប្បន្នរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល និងរដ្ឋបាលខេត្ត កំពុងប្រជុំដើម្បីដោះស្រាយផលប៉ះពាល់។

លោកសុខ លូ​បានរំលឹកថា កាលពីឆ្នាំ២០១៩សម្ដេចតេជោ បានផ្ដល់អនុសាសន៍ កែប្រែព្រលានយន្ដហោះវាលបែកចាន ទៅជាព្រលានយន្ដហោះ4C ប៉ុនព្រលានយន្ដហោះខេត្តសៀមរាប នាពេលបច្ចុប្បន្ន ប៉ុន្ដែក្រោយមកវិបត្តិជំងឺកូវីដ យើងមិនទាន់បានសិក្សាទេ តែថ្មីៗនេះខាងអាកាសចរណ៍ស៉ីវិល បានប្រជុំជាមួយខេត្តជាច្រើនលើកច្រើនសារហើយ ដោះស្រាយផលប៉ះពាល់ យើងនឹងបន្ដធ្វើកិច្ចការនេះ


លោក សុខ លូ បានបង្ហាញសុទិដ្ឋិនិយមថា នៅពេលព្រលានយន្ដហោះវាលបែកចាន ត្រូវបានកែលម្អនឹងបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរទាំងវិនិយោគិន និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ហើយរុញកំណើនសេដ្ឋកិច្ចខេត្តបាត់ដំបង ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ព្រលានយន្តហោះបាត់ដំបង (ឬព្រលានយន្តហោះវាលបែកចាន) ត្រូវបានបើកដំណើរការដំបូងអំឡុងឆ្នាំ១៩៦៧ ប៉ុន្តែក្រោយការកាន់កាប់អំណាចរបស់ខ្មែរក្រហម នៅឆ្នាំ១៩៧៥ ព្រលានយន្តហោះនេះ ត្រូវបានបិទទ្វារទាំងស្រុងរហូតមកដល់ឆ្នាំ១៩៧៩ ព្រលានយន្តបាត់ដំបង ត្រូវបានបើកដំណើរការ សម្រាប់បម្រើការហោះហើរ ក្នុងវិស័យយោធាប៉ុណ្ណោះ។

យ៉ាងណាមិញ មកដល់ឆ្នាំ១៩៩១ នៃដំណើរឆ្ពោះទៅរកសន្តិភាព ព្រលានយន្តហោះបាត់ដំបង ត្រូវបានបិទដំណើរយោធាទាំងស្រុង រហូតមកដល់បច្ចុប្បន្ន និងក្លាយទៅជាទីសម្រាកលំហែកាយ នៃនាពេលល្ងាចរបស់ប្រជាពលរដ្ឋនៅទីរួមខេត្តបាត់ដំបង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here