ទីក្រុងចិនធំៗចំនួន២ប្រកាសផ្តល់ការឧបត្ថម្ភធនដល់អតិថិជនទិញផ្ទះ ដើម្បីទាក់ទាញអ្នកមានចំណេះដឹងខ្ពស់

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ទីក្រុងនានារបស់ប្រទេសចិន កំពុងដាក់ចេញនូវគោលនយោបាយ និងការឧបត្ថម្ភធន ដើម្បីជួយសម្រួលដល់ជនអន្តោប្រវេសន៍ដ៏មានជំនាញ ក្នុងការទិញលំនៅដ្ឋានដើម្បីជំរុញសេដ្ឋកិច្ចជាតិ។

ទីក្រុង Changsha នៃខេត្ត Hunan ភាគកណ្តាលប្រទេសចិន បានរាយការណ៍ថា ជនណាដែលមានសញ្ញាប័ត្រ និងអាយុចាប់ពី៤៥ឆ្នាំ ឬតិចជាងនេះ មានសៀវភៅគ្រួសារHukou  អាចទិញផ្ទះនៅក្នុងតំបន់ណា ដែលត្រូវបានរឹតបន្តឹង ឱ្យកាន់កាប់ផ្ទះច្រើនបំផុត២ខ្នងប៉ុណ្ណោះ។

ទីក្រុង Changsha ក៏បានលុបចោលការកំណត់អាយុ សម្រាប់ជនណា ដែលមានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតផងដែរ។

គោលនយោបាយនេះ ជាការបន្តនៃផែនការរបស់ទីក្រុង Changsha ក្នុងការទាក់ទាញអ្នកមានទេពកោសល្យ ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន។

កាល​ពី​ខែ​ឧសភា ឆ្នាំ២០២២ ទីក្រុង​នេះបាន​បញ្ជាក់ថា ខ្លួន​នឹង​អនុ ញ្ញាត​ឲ្យ​កម្មករ​ជំនាញ​ដាក់​ពាក្យ​ភ្លាមៗ និង​ទទួល​បាន​សៀវភៅគ្រួសារ Hukou ក្នុង​ស្រុក ដោយ​ផ្តល់​អត្ថប្រយោជន៍​ដូច​គ្នា ​នឹង​អ្នក​ស្រុកទូទៅផងដែរ។

ចំណែកទីក្រុង Nanjing រដ្ឋធានីនៃខេត្ត Jiangsu បានឱ្យដឹងថា ខ្លួននឹងបែងចែកអ្នកមានទេពកោសល្យជា៦ប្រភេទ ហើយផ្តល់ការឧបត្ថម្ភធនសម្រាប់ការជួល និងទិញផ្ទះសម្រាប់រយៈពេល៥ឆ្នាំ ដោយចាប់ផ្តើមពីថ្ងៃទី១២ ខែកុម្ភៈ។

វិធានការពីអាជ្ញាធរមូលដ្ឋាន ដើម្បីជួយដល់ជនអន្តោប្រវេសន៍ ដែលមានជំនាញក្នុងការទិញអចលនទ្រព្យ បានកើតឡើងស្របពេលតម្លៃផ្ទះថ្មី បានបន្តធ្លាក់ចុះរយៈពេល១៦ខែជាប់ៗគ្នា នៅក្នុងខែធ្នូ ឆ្នាំ២០២២ ។ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ។

រដ្ឋបាលក្រុង Nanjing បាននិយាយថា ខ្លួននឹងផ្តល់ការឧបត្ថម្ភធនរហូតដល់៥០ភាគរយ នៃតម្លៃអចលនទ្រព្យ ឬច្រើនបំផុត២លានយ័ន ដល់អ្នកជំនាញដូចជា ផ្នែកបច្ចេកវិទ្យា ឬប្រធាន R&D នៅក្រុមហ៊ុន Fortune 500 ដើម្បីទិញផ្ទះនៅក្នុងទីក្រុងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here