ដោយ៖ សុផារី
ភ្នំពេញ៖ គិតរហូតមកដល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៦ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចវឌ្ឍនភាពបាន៨០ ភាគរយនៃគម្រោងហើយ។
នេះបើយោងតាមការចេញផ្សាយរបស់មន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ មករា ២០២៣នេះ។
មន្ទីរសារធារណការ បានបញ្ជាក់ថា ១០០ថ្ងៃទៀតឈានដល់ព្រឹត្តិការណ៍ SEA GAME ដែលធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ការដ្ឋានផ្លូវជាតិលេខ៦ សម្រេចលទ្ឋផលបាន៨០%នៃគម្រោង ជាតម្រាយផ្លូវមួយក្នុងចំណោមផ្លូវចំនួន៤ខ្សែ ឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងសាងសង់។
ប្រទេសកម្ពុជាបានកំពុងធ្វើដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ ខណៈពហុកីឡដ្ឋានជាតិមរតកតេជោ បាននឹងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាង។
ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣នេះ នៅក្នុងប្រទេសកម្ពុជាមិនត្រឹមជាមុខមាត់របស់ប្រទេសប៉ុណ្ណោះទេ តែវាជាឱកាស ដែលកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផងដែរ៕