កំណើនអចលនទ្រព្យនៅក្នុងឆ្នាំ២០២៣ពឹងផ្អែកលើលំហូរវិនិយោគិនបរទេសមួយផ្នែកធំ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ទីផ្សារអចលនទ្រព្យកម្ពុជា ពឹងផ្អែកលើការវិនិយោគនៅក្នុងស្រុក និងលំហូរវិនិយោគពីក្រៅស្រុកមួយផ្នែកធំ។ ប្រសិនបើស្ថានភាពលំហូរវិនិយោគបរទេសមកកម្ពុជាមានសភាពយឺត ជាពិសេសមកពីប្រទេសចិន នោះស្ថានភាពអចលនទ្រព្យនៅក្នុងឆ្នាំ២០២៣ អាចប្រឈមនឹងភាពយឺតយ៉ាវ។

នេះបើយោងតាមការលើកឡើងរបស់លោក វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ។

លោកបានមានប្រសាសន៍ថា “កត្តាកំណើនសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជារបស់យើង នៅក្នុងរយៈពេល១០ឆ្នាំខាងមុខ កត្តាក្នុងស្រុក ក៏ជាកត្តាសំខាន់មួយ តែលំហូរវិនិយោគពីខាងក្រៅមានសារៈសំខាន់ខ្លាំងណាស់”។

លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex បានលើកឡើងថា មុនពេលរីករាលដាលនៃជំងឺកូវីដ១៩ ការវិនិយោគរបស់ចិននៅកម្ពុជា មានអត្រារហូតដល់៤០% ដែលជាអត្រាខ្ពស់មួយ បើប្រៀបធៀបនឹងការវិនិយោគពីបណ្តាប្រទេសផ្សេងៗ។

លោកស្រីបន្តថា កត្តានេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យរបស់កម្ពុជា មានការគាំទ្រមួយផ្នែកធំ ដោយអ្នកវិនិយោគមកពីប្រទេសចិន ដែលនឹងធ្វើឱ្យវិស័យនេះ មានភាពរីកចម្រើននៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលជាឆ្នាំដ៏លំបាកមួយ សម្រាប់វិស័យអចលនទ្រព្យ។

លោកស្រីបញ្ជាក់ថា សុទិដ្ឋិនិយមអំពីការត្រលប់មកវិញនៃជនជាតិចិន រំពឹងថា នឹងជាចំណែកមួយដ៏សំខាន់ ដែលនឹងជំរុញឱ្យមានសញ្ញាល្អប្រសើរចំពោះវិស័យអចលនទ្រព្យនិងសំណង់របស់កម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here