មន្រ្តីរដ្ឋាភិបាលៈ ការដោះស្រាយបញ្ហាអាគារជាប់គាំងនៅក្រុងព្រះសីហនុជាបន្ទុករបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងថា បញ្ហាជាប់គាំងអាគារនៅក្រុងព្រះសីហនុ ជាបន្ទុករបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ព្រោះអ្វីៗត្រូវចំណាយទុនដោយរដេ្ឋ ហើយរដ្ឋទទួលបានចំណូលពន្ឋពីប្រជាពលរដ្ឋ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្ស៊ី វិស្សុតបានមានប្រសាសន៍នៅក្នុងវេទិកាសាធារណៈស្ដីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣កាលពីព្រឹកថ្ងៃទី២៥ មករា ២០២៣បានឱ្យដឹងថា ការវិនិយោគ ដោយគ្មានស្ថាប័គ្រប់គ្រងច្បាស់លាស់ ធ្វើឱ្យលើសតម្រូវការទីផ្សារ និងនាំបញ្ហាជាបន្ទុកមកដល់រដ្ឋាភិបាល។

លោកមានប្រសាសន៍នេះ គឺសំដៅលើអគារដែលជាប់គាំងជាង១០០០អគារនៅក្នុងខេត្តព្រះសីហនុ ដោយសារតែការវិនិយោគ លើសពីតម្រូវការជាក់ស្ដែង និងកំពុងបង្កជាបញ្ហាសម្រាប់រដ្ឋាភិបាល ក្នុងការដោះស្រាយអគារជាប់គាំងទាំងនោះ ។

លោកបានមានប្រសាសន៍ថា “បញ្ហាទីផ្សារគឺមានសារសំខាន់ណាស់មុននឹងចាប់ផ្ដើមអភិវឌ្ឍន៍អចលនទ្រព្យ ហើយបើសិនជានាំគ្នាវិនិយោគ តែមិនមានទីផ្សារ គឺវានៅសល់ដូចនៅក្នុងខេត្តព្រះសីហនុអញ្ចឹង បើទោះបីជាការវិនិយោគនោះ ជាការវិនិយោគដោយឯកជនក្ដី។ លោកបន្តថា “ការវិនិយោគដោយឯកជន តែនៅពេលមានបញ្ហារងផលប៉ះពាល់ មិនមែនឯកជនមកដោះនោះទេ វាគឺជាបន្ទុករបស់រដ្ឋ” ។

លោកវង្ស៊ី វិស្សុតបានបន្តថា នៅពេលមានបញ្ហាបែបនេះ គឺរដ្ឋត្រូវបង្ខំចិត្ត យកបន្ទុកពន្ធរបស់រដ្ឋទូទាំងប្រទេស ទៅដោះស្រាយបញ្ហាដែលបង្កឡើងដោយវិនិយោគិនឯកជន ហើយបើសិនជាមិនដោះស្រាយ គឺវាមិនកើត ពោលគឺត្រូវតែដោះស្រាយ ហើយវាជាបន្ទុករបស់ពលរដ្ឋទូទាំងប្រទេសដែលត្រូវយកលុយរដ្ឋទៅដោះស្រាយ ។

លោកបានបន្ថែមថា “ការវិនិយោគនៅក្នុងប្រទេសណា ក៏ដូចប្រទេសណាដែរ ត្រូវដើរទៅតាមច្បាប់របស់ប្រទេសនោះ ប៉ុន្តែច្បាប់ក៏មិនមែនធ្វើឱ្យប្រទេសនោះគាំងសេដ្ឋកិច្ច ដោយមិនដើរទៅមុខដែរ”។លោកបន្ថែមថា “នៅពេលការវិនិយោគមានបញ្ហាអ្វីមួយ ច្បាប់ក៏ដើរតួនាទីសម្រួលឱ្យបញ្ហានោះដោះស្រាយដោយរលូនដែរ”។

ជាមួយគ្នានេះ លោកជា កុកហុង ប្រធានលេខាធិការដ្ឋានទទួលបន្ទុកសម្របសម្រួលផែនការមេ ខេត្តព្រះសីហនុក៏បានឱ្យដឹងផងដែរថា កាលពីខែតុលា២០២២ រាជរដ្ឋាភិបាលក៏បានចេញស.ជ.ណមួយ ដោយបានចង្អុលបង្ហាញឱ្យក្រសួង៤ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងយុត្តិធម៌ និងក្រសួងទេសចរណ៍ រៀបចំការដោះស្រាយជាកញ្ចប់ ទៅលើអគារដែលជាប់គាំងនៅខេត្តព្រះសីហនុ ។

លោកបន្តថា មកដល់ពេលនេះ យើងបានបង្កើតជាគណៈកម្មការសម្រា​ប់ដោះស្រាយ ហើយក្រុមការងារបច្ចេកទេស បានលើកជាសេចក្ដីព្រាង ដោយផ្ដោតលើការដោះស្រាយ ជាច្បាប់សាងសង់ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការលើកទឹកចិត្តពន្ធ សម្រាប់យកទៅអភិវឌ្ឍន៍អគារដែលជាប់គាំងទាំងអស់នៅក្នុងខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here