រដ្ឋមន្រ្តីកម្ពុជាលើកឡើងពីគំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗ ស្របពេលអ្នក ធុរកិច្ចបារាំងចាប់អារម្មណ៍

0

 ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលបានលើកឡើងពីសមិទ្ឋផល និងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើន មានលក្ខណៈជាប្រវត្តិសា​ស្រ្តប្រាប់ដល់អ្នកធុរកិច្ចបារាំង ដែលមានការចាប់អារម្មណ៍ វិនិយោគលើគំរោងមួយចំនួន។

លោកស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបាន

លើកឡើង ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូបារាំង ដឹកនាំដោយលោក François Corbin តំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ានកាលពីថ្ងៃទី២៥ មករាកន្លងមកនេះ។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការតភ្ជាប់ បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ ដែលបាន និងកំពុងធ្វើឱ្យប្រសើរឡើង ពីផ្លូវពីរគន្លង ទៅបួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ(AC) និងធ្វើសមាហរណកម្មតភ្ជាប់ទៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ នៅក្នុងក្របខណ្ឌទូទាំងប្រទេសឱ្យមានជីវភាពសំបូររុងរឿង និងមានការងារធ្វើគ្រប់ៗគ្នា។

រំលេចជាពិសេសនៅក្នុងជំនួបនាឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបពីគម្រោងជាប្រវត្តិសាស្រ្ត ដែលកម្ពុជាទើបសម្រេចបានគឺ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងធំៗជាច្រើន ដែលកំពុងសិក្សារួមមាន៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ជាដើម។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន៖ ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ(AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើងMonorail និងបានស្នើឱ្យគណៈប្រតិភូបារាំងពិនិ ​ត្យ​​លទ្ធភាពឡើងវិញ លើការសិក្សាប្រព័ន្ធផ្លូវដែក លើផ្លូវថ្នល់ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។

លោក François Corbin តំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងគណៈប្រតិភូក្រុមហ៊ុនបារាំង ទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យដឹកជញ្ជូនសាធារណៈ ដែលបានអញ្ជើញចូលរួមក្នុងជំនួប ពិភាក្សាការងារពេលនេះ បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលព្យាយាមអភិវឌ្ឍការតភ្ជាប់ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ដូចសព្វថ្ងៃ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here