កំណើនភ្ញៀវទេសចរ នៅសៀមរាបចាប់ផ្ដើមកើនឡើង តែសកម្មភាពទិញលក់និងវិនិយោគអចលនទ្រព្យថ្មីៗរក្សាភាពទ្រឹង

0

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៣នេះ កំណើនភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិទៅកម្សាន្តនៅខេត្តសៀមរាប ចាប់ផ្ដើមមានចំនួនច្រើនឡើងវិញជាបន្តបន្ទាប់ ដែលធ្វើឱ្យអាជីវកម្មបម្រើទេសចរណ៍មួយចំនួនក៏ចាប់ផ្ដើមមានសកម្មភាពរស់រវើកឡើងវិញផងដែរ ប៉ុន្តែសម្រាប់ការវិនិយោគអចលនទ្រព្យក៏ដូចជាការទិញល់អចលនទ្រព្យនៅក្នុងខេត្តមួយនេះ នៅមិនទាន់មានសកម្មភាពគួរឱ្យកត់សម្គាល់នៅឡើយទេ ។

បើតាមអាជីវករជាច្រើននៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបបានឱ្យដឹងថា កាលពីឆ្នាំមុនភ្ញៀវទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាបមានតែភ្ញៀវទេសចរក្នុងស្រុក ដោយមិនសូវមានភ្ញៀវបរទេសនោះទេ តែមកដល់បច្ចុប្បន្ននេះ យើងឃើញមានភ្ញៀវទេសចរម្រុះជាតិសាសន៍ចាប់ផ្ដើមមកទស្សនានិងសម្រាកនៅក្នុងខេត្តសៀមរាបច្រើនឡើងវិញហើយ តែវាមិនទាន់ដូចនៅមុនស្ថានភាពកូវីដ១៩នោះទេ ។

ម្ចាស់សណ្ឋាគារមួយនៅខេត្តសៀមរាបឈ្មោះថា សុវណ្ណអង្គរ បាននិយាយថា ចាប់តាំងពីចូលឆ្នាំសាកលឆ្នាំ២០២៣នេះ ភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបទាំងភ្ញៀវទេសចរក្នុងស្រុក និងបរទេស ឃើញថាចាប់ផ្ដើមមានកំណើនជាងឆ្នាំមុន ហើយអាជីវកម្មនានានៅក្នុងខេត្តនេះ ក៏ឃើញថាចាប់ផ្ដើមមានសកម្មភាពឡើងវិញបន្តិចម្ដងៗ ដោយរំពឹងថានឹងកាន់តែមានសកម្មភាពខ្លាំងឡើងនៅចុងឆ្នាំ២០២៣និងដើមឆ្នាំក្រោយ ជាពិសេសក្រោយមានការបើកប្រទេសឡើងវិញរបស់ចិន ។

លោកសំ សីហាប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តសៀមរាប បានឱ្យដឹងផងដែរថា ទោះបីជាស្ថានភាពទេសចរនៅខេត្តសៀមរាប នាពេលនេះ ហាក់មានភាពប្រសើរឡើងវិញក្ដី តែ សម្រាប់ស្ថានភាពអចលនទ្រព្យនៅក្នុងខេត្តមួយវិញ ក៏នៅតែមិនទាន់មានការប្រែប្រួលអ្វីគួរឱ្យកត់សម្គាល់នៅឡើយទេមកដល់បច្ចុប្បន្ននេះ ទាំងគម្រោងវិនិយោគថ្មីៗ និងការទិញលក់អចលនទ្រព្យជាដើម ។

លោកបន្តថា ការវិនិយោគអចលនទ្រព្យ និងសកម្មភាពទិញលក់អចលនទ្រព្យថ្មីៗ នៅក្នុងខេត្តគឺនៅរក្សាសភាពទ្រឹងដដែល គឺមិនខុសពីឆ្នាំមុនប៉ុន្មាននោះទេ ពីព្រោះថាវិស័យអចលនទ្រព្យគឺត្រូវការពេលវេលាបន្តិចដើម្បីជំរុញឱ្យមានការវិនិយោគ ប៉ុន្តែដោយសារតែគម្រោងធំៗនៅក្នុងខេត្តសៀមរាបបានលេចរូបរាងឡើងជាបន្តបន្ទាប់ លោករំពឹងថា ទីផ្សារអចលនទ្រព្យនៅក្នុងខេត្តនេះនឹងមានភាពប្រសើរនៅចុងឆ្នាំនេះឬក៏ដើមឆ្នាំក្រោយ ។

បច្ចុប្បន្ននេះ ខេត្តសៀមរាបមានគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មី ដែលកំពុងមមាញឹកក្នុងការសាងសង់ នឹងរំពឹងថា បញ្ចប់ទាំងស្រុងនៅរយៈពេលប៉ុន្មានខែខាងមុខនេះ ជាមួយនឹងការដាក់ដំណើរការសាកល្បងផងដែរ ។ ក្រៅពីនេះ ផ្លូវជាច្រើនខ្សែនៅក្នុងក្រុងសៀមរាបក៏កំពុងបង្ហាញភាពទាក់ទាញយ៉ាងខ្លាំងដល់ទេសចរនិងវិនិយោគិនថ្មីៗមកកាន់ខេត្តសៀមរាបផងដែរ ។ អ្វីដែលពិសេសសម្រាប់សៀមរាបគឺ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ខេត្តសៀមរាបក៏កំពុងសិក្សាដោយក្រុមហ៊ុនឯកជនមួយចំនួន ដូច្នេះអនាគតសៀមរាបនឹងកាន់តែមានសក្ដានុពលខ្ពស់មួយកម្រិតទៀតផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here