អ្នកអភិវឌ្ឍន៍លំនៅឋានធំមួយនៅកម្ពុជាបានបង្ហាញក្ដីរំពឹងខ្ពស់ចំពោះស្ថានភាពអចលនទ្រព្យក្នុងឆ្នាំ២០២៣

0

ភ្នំពេញ ៖ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង អ្នកអភិវឌ្ឍន៍លំនៅឋានធំមួយនៅក្នុងប្រទេសកម្ពុជាបានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះស្ថានភាពសេដ្ឋកិច្ច អចលនទ្រព្យនិងការវិនិយោគនៅក្នុងប្រទេសកម្ពុជាឆ្នាំ ២០២៣នេះ ដោយបានលើកឡើងពីទឡ្ហីករមួយចំនួនមកបង្ហាញ ។

ថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយគេហទំព័រ Property Area លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ថា ឆ្នាំ២០២៣នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា លោករំពឹងនិងជឿជាក់១០០ភាគរយថានឹងមានភាពប្រសើរជាងឆ្នាំ ២០២២ ដោយសារតែកត្តាមួយចំនួនក្នុងនោះ ការបើកប្រទេសវិញរបស់ចិនគឺជាកត្តាចម្បងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជានិងការវិនិយោគលើអចលនទ្រព្យនៅកម្ពុជានឹងប្រសើរ ។

លោកឧកញាបន្តថា ប្រជាជនចិនដែលជាប់ក្នុងប្រទេសអស់រយៈពេល៣ឆ្នាំ នឹងមានសេរីភាពក្នុងការដើរហើរចេញក្រៅប្រទេស ហើយពួកគាត់នឹងចាយវាយលុយដែលពួកគាតអាក់ខានអស់រយៈពេល៣ឆ្នាំកន្លង ។ កម្ពុជាក៏ជាគោលដៅមួយរបស់ទេសចរនិងវិនិយោគិនចិនផងដែរ ។យើងសាកស្រម៉ៃមើល នៅពេលចិនចូលមកតើអ្វីនឹងកើតឡើង ពេលនោះសណ្ឋាគារក៏មានដំណើរការឡើងវិញភោជនីយដ្ឋានក៏មានដំណើរការឡើងវិញ ការដឹកជញ្ជូនក៏មានសកម្មភាព មនុស្សជាច្រើននឹងមានការងារធ្វើ ដូច្នេះហើយទើបយើងអាចសន្និដ្ឋានថា២០២៣នេះនឹងល្អសម្រាប់កម្ពុជា ។

លោកឧកញ៉ាបន្ថែម ឆ្នាំ២០២៣នេះ បណ្ដាក្រុមហ៊ុនទាំងឡាយណាដែលបានឆ្លងផុតកាលពីវិបត្តិឆ្នាំមុនៗនោះនឹងមានការរីកចម្រើន តែក៏ត្រូវតែមានការត្រៀមខ្លួនដើម្បីទទួលស្វាគមន៍វិនិយោគិនបរទេសឡើងវិញផងដែរ ។

យោងតាមបណ្ដាញព័ត៌មានក្នុងស្រុកមួយនៅរសៀលថ្ងៃទី២៦ មករា ២០២៣នេះឱ្យដឹងថា នៅថ្ងៃទី២៧ មករា ២០២៣ ជើងហោះហើរផ្ទាល់ពីទីក្រុងគុនមីងប្រទេសចិននឹងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុដើម្បីឱ្យភ្ញៀវទេសចរទាំងនោះបានដើរកម្សាន្តនៅក្នុងខេត្តមាត់សមុទ្រមួយនេះ ប៉ុន្តែចំនួនភ្ញៀវទេសចរប៉ុន្មាននាក់នោះនៅមិនទាន់បានបង្ហើបឱ្យដឹងនៅឡើយទេ ។

រដ្ឋាភិបាលខេត្តព្រះសីហនុក៏នឹងរៀបចំពិធីទទួលស្វាគមន៍ភ្ញៀវទេសចរចិនទាំងនោះនៅឯអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុផងដែរ ។តាមរយៈនេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរនិងវិនិយោគិនចិនជាបន្តបន្ទាប់ទៀតនៅពេលខាងមុខនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here