ដោយ: គង់ លាងហួរ
រីយ៉ាដ: វិស័យអចលនទ្រព្យបែបពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីត កំពុងមានការកើនឡើង ខណៈប្រទេសនេះគ្រោងធ្វើពិពិធកម្មសេដ្ឋកិច្ច និងបន្តជំរុញតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យទាំងមូល។
នេះបើយោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយពីស្ថាប័ន Royal Institution of Chartered Surveyors ។
តម្រូវការអ្នកកាន់កាប់ និងវិនិយោគិនត្រូវបានគេរាយការណ៍ថា កំពុងកើនឡើងស្ទើរគ្រប់វិស័យ ដោយមានការរំពឹងទុកសម្រាប់ការជួល និងកំណើនតម្លៃដើមទុននៅតែបង្ហាញសញ្ញាល្អជាវិជ្ជមាន។
របាយការណ៍ដដែលបានរកឃើញថា“៨១ភាគរយនៃអ្នកឆ្លើយសំណួរ ជឿជាក់ថា ទីផ្សារកំពុងកើនឡើង ខណៈបច្ចុប្បន្នប្រទេសនេះ កំពុងជួបប្រទះការរីកចំរើន នៅក្នុងវិស័យអចលនទ្រព្យ ដែលជំរុញមកពី ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងការកម្សាន្ត”។
របាយការណ៍ខាងលើបានបន្តថា វិស័យការិយាល័យរបស់អារ៉ាប៊ីសាអូឌីតបានរាយការណ៍ពីកំណើនចំនួន៥៩ភាគរយដែលធ្លាក់ចុះពី៦៩ភាគរយ នៅក្នុងត្រីមាសទី៣។ ចំណែក វិស័យលក់រាយ និងឧស្សាហកម្មនៅតែបង្ហាញនូវកំណើនខ្លាំងជាមួយនឹងអត្រា៣២ភាគរយ និង៣៨ភាគរយរៀងៗគ្នា។
សរុបជារួមមក ការរកឃើញនៃរបាយការណ៍ខាងលើបានចង្អុលបង្ហាញថា ទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីត ក៏ដូចជាប្រទេសជិតខាងរបស់ខ្លួន មានមូលដ្ឋានគ្រឹះយ៉ាងរ៉ឹងមាំ សម្រាប់កំណើននាពេលអនាគត ទោះបីជាវាត្រូវបានជាប់គាំងនៅក្នុងវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី៕
