ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃផ្ទះឯកជននៅប្រទេសសិង្ហបុរី បានកើនឡើងក្នុងល្បឿនដ៏យឺត ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ស្របពេលការលក់មានការធ្លាក់ចុះ។
ការធ្លាក់ចុះនេះបានបណ្តាលមកពី កង្វះការបើកដំណើរការ វិធានការអចលនទ្រព្យ ការកើនឡើងអត្រាការប្រាក់ និងការព្យាករណ៍សេដ្ឋកិច្ចពិភពលោក ដែលកំពុងដាំក្បាលចុះ។
តម្លៃនៃអចលនទ្រព្យលំនៅដ្ឋានឯកជនបានកើនឡើង០,៤ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ធៀបនឹង៣,៨ភាគរយ នៅក្នុងត្រីមាសទី៣។ នេះបើយោងតាមស្ថិតិអចលនទ្រព្យ ដែលចេញផ្សាយដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) នៅថ្ងៃសុក្រនេះ។
សម្រាប់ឆ្នាំ២០២២តែម្តង តម្លៃផ្ទះឯកជនបានកើនឡើងត្រឹមតែ៨,៦ភាគរយ បើធៀបនឹងការកើនឡើងរហូតដល់១០,៦ភាគរយក្នុងឆ្នាំ២០២១។
លោកស្រី Christine Sun អនុប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងវិភាគរបស់ក្រុមហ៊ុន OrangeTee & Tie បានមានប្រសាសន៍ថា “ការធ្លាក់ចុះនៃតម្លៃផ្ទះនេះ គឺស្របគ្នាជាមួយនឹងនិន្នាការសកល ដែលបង្ហាញថា តម្លៃផ្ទះបានធ្លាក់ចុះស្រដៀងគ្នា នៅក្នុងបណ្តាប្រទេសជាច្រើននៅលើពិភពលោក”។
លោកស្រីបានបន្តថា តម្លៃផ្ទះកំពុងទទួលរងផលប៉ះពាល់ ពីការកើនឡើងអត្រាការប្រាក់ នៅទូទាំងពិភពលោក ខណៈធនាគារកណ្តាលនៅទូទាំងពិភពលោកបានដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងអត្រាអតិផរណា។

លោកស្រីបានបញ្ជាក់ថា “ប្រទេសជាច្រើនកំពុងជំរុញថ្លៃដើម លើប្រាក់កម្ចី ដើម្បីដឹកនាំសេដ្ឋកិច្ចរបស់ពួកគេ ឆ្ពោះទៅរកការថមថយចុះសន្សឹមៗ។
លោកស្រីអះអាងថា“វិស័យអចលនទ្រព្យនឹងរងផលប៉ះពាល់ ដោយជៀសមិនរួច ស្របពេល ដែលពលរដ្ឋកាត់បន្ថយការចំណាយរបស់ពួកគេ ហើយកំណើនអត្រាការប្រាក់បង្កការរារាំងដល់អតិថិជនសក្តានុពលមួយចំនួន”។
លោកស្រី Christine Sun ក៏បានកត់សម្គាល់ផងដែរថា “តម្លៃផ្ទះនៅប្រទេសសិង្ហបុរី មិនប្រឈមនឹងការធ្លាក់ចុះខ្លាំងដូច នៅបណ្តាប្រទេសជាច្រើនទៀតនោះទេ”៕