ឆ្នាំ២០២៣កម្ពុជាហាក់មានពន្លឺនៃការវិនិយោគគម្រោងថ្មីៗឡើងវិញ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ដើមឆ្នាំ២០២៣នេះ កម្ពុជាហាក់មានសញ្ញាវិជ្ជមានច្រើនពីគម្រោងវិនិយោគថ្មីៗ ដែលអាចឱ្យកម្ពុជាស្ដារនិងជំរុញសេដ្ឋកិច្ចបានលឿនរហ័ស។ ជាក់ស្ដែង ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ កម្ពុជាបានប្រកាសពីគម្រោងវិនិយោគធំៗទាំងរដ្ឋនិងឯកជន។

កាលពីពេលថ្មីៗនេះ គម្រោងព្រលានយន្តហោះអន្តរជាតិនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុបានប្រកាសទទួលស្គាល់ ដោយលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលមានទំហំទឹកប្រាក់វិនិយោគជាង៣០០លានដុល្លារអាមេរិក វិនិយោគដោយក្រុមហ៊ុនឯកជនក្នុងស្រុក។

ក្រោយមក កម្ពុជាក៏បានប្រកាសពីគម្រោងជាប្រវត្តិសាស្ត្រ គឺផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅប៉ោយប៉ែត ដែលមានតម្លៃ វិនិយោគប្រមាណ៤ពាន់លានដុល្លារអាមេរិក។ គម្រោងនេះបានសិក្សាដោយក្រុមហ៊ុនស្ពានថ្នល់ របស់ចិន ដែលជាសញ្ញាវិជ្ជមានកាន់តែខ្ពស់ ចំពោះស្ថានភាពនៃការវិនិយោគទាំងរដ្ឋ និងឯកជន។

ការកត់សម្គាល់ នៅព្រឹកថ្ងៃទី២៧ មករា ២០២៣នេះ ទេសចរ និងវិនិយោគិនចិនប្រមាណ១០០នាក់បានមកដល់កម្ពុជាតាមជើងយន្តហោះពីទីក្រុងគុនមិញ ប្រទេសចិនចុះចតនៅខេត្តព្រះសីហនុ ហើយក៏មានការស្វាគមន៍ពីរដ្ឋបាលខេត្តព្រះសីហនុយ៉ាងរាក់ទាក់ផងដែរ។ នេះជាសកម្មភាពដែលបង្ហាញពីសញ្ញាណល្អ សម្រាប់ឆ្នាំ២០២៣នេះ និងអាចជាការត្រួសត្រាយផ្លូវទៅរកភាពល្អប្រសើរកាន់តែខ្លាំងនៅឆ្នាំនេះ និងឆ្នាំក្រោយ។

លោកឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានលើកឡើងថា ស្ថានភាពអចលនទ្រព្យនៅកម្ពុជាអាចនឹងវិលទៅរកភាពប្រក្រតីដូចមុនកូវីដ១៩វិញ ជាបន្តបន្ទាប់ យ៉ាងយូរនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។

លោកឧកញ៉ាបានមានប្រសាសន៍ថា ជាការកត់សម្គាល់ បានឃើញថា នៅពេលមានគម្រោងវិនិយោគរដ្ឋធំៗណាមួយនៅបានប្រកាស ឬចាប់ផ្ដើមអភិវឌ្ឍន៍បានធ្វើឱ្យតម្លៃដីធ្លី និងអចលនទ្រព្យ នៅតំបន់នោះមានសន្ទុះមួយកម្រិត ហើយក៏ជាការចាប់អារម្មណ៍របស់វិនិយោគិនផ្នែកអចលនទ្រព្យផងដែរ។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ក៏បានថ្លែងកាលពីពេលថ្មីៗនេះថា ភាពសំបូរបែបនៃហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា គឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ចបានមួយកម្រិតទៀត  ដោយអាចធ្វើឱ្យការដឹកជញ្ជូនក្នុងប្រទេសកម្ពុជា មានការប្រកួតប្រជែង ជាមួយប្រទេសជិតខាង។

អ្នកវិនិយោគក្នុងស្រុក និងអាជីវករជាច្រើនទៀត បានបង្ហាញក្តីរំពឹងខ្ពស់ថាឆ្នាំនេះ គឺជាឆ្នាំល្អរបស់ពួកគេ ដើម្បីប្រមូលយកនូវអ្វី ដែលបាត់បង់វិញ ទាំងវិស័យទេសចរ និងការវិនិយោគថ្មីៗ។ ពួកគេបានរំពឹងខ្ពស់ទៅលើវត្តមានទេសចរ និងវិនិយោគិនចិនចូលមកកម្ពុជា ក្រោយពីរដ្ឋាភិបាលចិនបានប្រកាសបើកប្រទេសបើកទូលាយឱ្យពលរដ្ឋចិនធ្វើដំណើរចេញក្រៅប្រទេស ហើយក៏រំពឹងថាចិននឹងសប្បាយចាយវាយលុយ ដែលពួកគេខកខាន អស់រយៈពេល៣ឆ្នាំកន្លង៕

LEAVE A REPLY

Please enter your comment!
Please enter your name here