តំបន់កំណាត់ផ្លូវក្រវ៉ាត់ក្រុងទី៣កំពុងទាក់ទាញការវិនិយោគ ខណៈផ្លូវដ៏សំខាន់នេះកំពុងជិតបញ្ចប់ការសាងសង់

0

       ដោយៈគង់ សូរិយា

       ភ្នំពេញៈ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ១៩ និងសង្រ្គាមរុស្ស៊ី អ៊ុយក្រែនក្តី ប៉ុន្តែតំបន់មួយចំនួនពិសេសតំបន់ស្ថិតនៅជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ​ ក្រុងតាខ្មៅ នៅតែទាក់ទាញការអភិវឌ្ឍ។

រយៈពេលប្រមាណ៣ឆ្នាំចុងក្រោយនេះ តំបន់ជុំវិញផ្លូវក្រវ៉ាត់ក្រុងទី៣ រាប់ចាប់ពីផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ បានក្លាយជាទីចាប់អារម្មណ៍៍វិនិយោគបុរីលំនៅដ្ឋានតម្លៃសមរម្យ និងកម្រិតអ្នកមានជីវភាពខ្ពស់ បន្ទាប់ពីក្រសួងសាធារណៈការ និងដឹកជញ្ជូនប្រកាសពីគំរោងសាងសង់ផ្លូវនេះ។

ជាក់ស្តែងបុរីGB Residence ដែលបានវិនិយោគលើផ្ទៃដី១៥ហិកតា បាននិងកំពុងពន្លឿនការសាងសង់បុរីរបស់ខ្លួន ដើម្បីបំពេញតម្រូវការអតិថិជន ដែលកើនឡើងជាប្រចាំ។

លោកតាំង កៅកៀតនាយកប្រតិបត្តិបុរីGB Residenceបានមានប្រសាសន៍ឲ្យដឹងថា កំណើននៃការបញ្ជាទិញលំនៅដ្ឋានរបស់យើង ដោយ​សារកត្តាជាច្រើន ដូចជា ទី១ គុណភាព និងសោភ័ណភាពគំរោងរបស់យើងត្រូវ​បានយកចិត្តទុកដាក់ជាអាទិភាព ទី២ លក្ខខ័ណ្ឌបង់ប្រាក់របស់យើងមានភាពពិសេស និងបត់បែន ទី៣ តំបន់ជុំវិញបុរីរបស់យើង ជាតំបន់ពាណិជ្ជកម្មលំដាប់អន្តរជាតិ ដោយផ្សារទំនើបធំជាងគេ នៅតំបន់អាស៊ានគឺ​ផ្សារទំនើបAEON Mall3បានបើកដំណើរការ។

ទី៤ ការសាងសង់ព្រលាន​យន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤ខាងមុខ ដែលធ្វើឲ្យប្រជាពលរដ្ឋ អ្នកដំណើរជាតិ អន្តរជាតិជារាប់់ពាន់ម៉ឺននាក់ នឹងធ្វើដំណើរឆ្លងកាត់តំបន់នេះ និងទី៥ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ជាង១លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវសាធារណៈ សម្រាប់អ្នកដំណើរជាតិ អន្តរជាតិឆ្លងកាត់ផងដែរ។

អ្នកជំនាញជាតិ អន្តរជាតិ សុទ្ឋតែមើលឃើញពីសក្តានុពលនៃការរីកច​ម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសនៅតំបន់ដែលមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋថ្មីៗ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ឱកាសនៃការរីកចម្រើន និងអភិវឌ្ឍន៍នឹងបន្តកើតមាននៅតំបន់ ដែលរាជរដ្ឋាភិបាលពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋថ្មីៗ។

លោកបន្តថា “ជាក់ស្តែងតម្លៃដីធ្លីនៅតែបន្តរក្សាកំណើនខ្ពស់ បើទោះ​បីជាមានវិបត្តិកូវីដ១៩កន្លងមក និងវិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្តី ក៏តម្លៃដីធ្លីនៅតំបន់មួយចំនួននៅតែឡើងថ្លៃ”។

ជាការពិត ការរីកចម្រើននូវសេដ្ឋកិច្ចសង្គម និងការវិនិយោគរបស់រដ្ឋាភិបាលលើ់តំបន់ណាមួយ ពិតណាស់វានឹងជួយជម្រុញ និងបង្កើតនូវតម្លៃបន្ថែមយ៉ាងច្រើន ដល់មូលដ្ឋានទាំងនោះ ព្រោះការរីកចម្រើននៃសេដ្ឋកិច្ចជាតិ តែងតែផ្សារភ្ជាប់ជាមួយនឹងការវិនិយោគពីវិស័យឯកជន ដែលរាជរដ្ឋាភិបាល តែងតែចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here