គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន៦ត្រូវបានដាក់ចេញនៅក្នុងគោលការណ៍ប្រើប្រាស់កម្ចីក្នុងឆ្នាំ២០២៣

0

ដោយៈ សុផារី

 ភ្នំពេញៈ នៅក្នុងឆ្នាំ២០២៣ គម្រោងអភិវឌ្ឍន៍ ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ជាគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាព រួមមាន ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការបង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតភាពផលិតកម្ម។

ក្នុងនោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន៦ ត្រូវបានដាក់ចេញនៅក្នុងគោលការណ៍ ប្រើប្រាស់កម្ចីរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ២០២៣នេះ។

យោងតាមសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត១៧០០លានSDR ដែលកើនឡើង១០០លានSDR ធៀបនឹងច្បាប់ថវិកា នៅក្នុងឆ្នាំ២០២២។

របាយការណ៍ដដែលបានឱ្យដឹងថា កម្ចីទាំងនេះ នឹងត្រូវយកមកអភិ​   វឌ្ឍវិស័យសំខាន់ចំនួន០៧ រួមមាន វិស័យថាមពលចំនួន៧គម្រោង ធារាសាស្ត្រចំនួន៥គម្រោង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន៦គម្រោង សុខាភិបាលចំនួន១គម្រោង អប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន១គម្រោង កសិកម្មចំនួន៣គម្រោង និងអាទិភាពផ្សេងទៀតចំនួន៥គម្រោង។

ហេដ្ឋារចនាសម្ព័ន្ធរូបវន្តចំនួន៦គម្រោងនោះ រួមមាន ទី១ គម្រោងសាងសង់ស្ពានទន្លេបាសាក់(ចាក់អង្រែ ក្រោម-ព្រែកប្រា) ទី២ គម្រោងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ (គ.ម.លេខ១៨១+១០០ វាលរេញ) ទី៣ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ (ជំហានទី២) ។

គម្រោងទី៤ គម្រោងធ្វើឱ្យប្រសើរឡើង នូវកំណាត់ផ្លូវជាតិលេខ៥ ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរី សោភ័ណ-ក្រុងប៉ោយប៉ែត (កញ្ចប់ឥណទានទី៣) ទី៥ គម្រោងកែលម្អការតភ្ជាប់ជនបទ និងទី៦ គម្រោងកែលម្អការតភ្ជាប់ជនបទភូមិភាគឦសាន។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរ ចំនួន២០០លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់សងប្រាក់ដើម នៃការបោះផ្សាយមូលប័ត្រឆ្នាំ២០២២ ចំនួន៤៩លានដុល្លារអាមេរិក និងការគ្រោងថវិកាចំនួន១៥១លានដុល្លារអាមេរិកទៀត សម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here