ប្រធានCVEA គ្រោងសិក្សាទីផ្សារដីធ្លីនិងផ្នែកដទៃទៀតរៀងរាល់៦ខែម្តង

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)លោក សន សៀប ដែលទើបជាប់ឆ្នោតកាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា ក្នុងអាណត្តិរបស់លោកអចលនវត្ថុ លោកនឹងប្ដេជ្ញាថានឹងបំពេញបន្ថែមនូវចំនុចខ្វះខាតកាលពីមុន ពីព្រោះថាប្រធានអាណត្តិមុនសុទ្ធតែបានបំពេញការងារយ៉ាងល្អសម្រាប់ការដឹកនាំ។

លោកបន្តថា សម្រាប់អាណត្តិនេះ អ្វីដែលលោកបានគិត និងត្រូវធ្វើនោះគឺ ពង្រឹងខាងក្នុងពង្រីកខាងក្រៅ ធ្វើយ៉ាងណាឱ្យវិស័យអចលនទ្រព្យកម្ពុជាកាន់តែមានភាពរឹងមាំ និងមានទីផ្សារមិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ តែនឹងនាំអចលនវត្ថុកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិផងដែរ ។

សមាគមនឹងបន្តធ្វើការយ៉ាងជិតស្និតបន្ថែមទៀត ជាមួយដៃគូទាំងក្នុងស្រុកនិងក្រៅស្រុក ក្នុងនោះយើងបានសហការរួច ជាមួយប្រទេសនៅអាស៊ាន សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសជាច្រើនទៀត។

លោកសន សៀបបានបន្តទៀតថា នៅក្នុងអាណត្តិផងដែរ លោកនឹងចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវ ជាពិសេសតម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា រៀងរាល់៦ខែម្ដង ដើម្បីជាទិន្នន័យមូលដ្ឋានមួយ ផ្ដល់ទៅសមាជិកនៃសមាគម សម្រាប់ឱ្យពួកគាត់មានចំណេះ និងមូលដ្ឋានក្នុងអាជីវកម្មរបស់ពួកគាត់។

អ្វីដែលយើងបានគិតគូ បន្ថែមទៀតនោះការបង់ពន្ធ ទៅកាន់រដ្ឋាភិបាលយើង ដូច្នេះយើងត្រូវការដៃគូផ្នែកគណនេយ្យ ដើម្បីសម្រួលដល់ការបង់ពន្ធរបស់ក្រុមហ៊ុនជាសមាជិករបស់យើង។  មួយទៀតនោះយើងក៏ត្រូវការដៃគូផ្នែកច្បាប់ ដើម្បីពង្រឹងផ្នែកខាងក្នុងរបស់យើងដែរ ដើម្បីផ្ដល់ការគាំទ្រដល់សមាជិក តែយើងក៏មិនកាន់ជើង ឬគាំទ្រ ដល់សមាជិកដែលប្រព្រឹត្តិកំហុសឆ្គងដែរ ។

លោកសន សៀបបានបន្ថែមថា ក្នុងអាណត្តិនេះ យើងនឹងបង្កើនការជួបជុំជាមួយសមាជិករៀងរាល់២សប្ដាហ៍ម្ដង ដើម្បីបង្កើនកិច្ចសហការគ្នារវាងសមាជិក និងសមាជិក និងរៀងរាល់២ខែម្ដង ដើម្បីឱ្យសមាជិកទាំងអស់បានជួបជុំគ្នា ជាមួយអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ។

លោកសន សៀបបានបន្ថែមទៀតថា កម្ពុជាបានបើកនូវសាលាអចលនទ្រព្យមួយ ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនោះជំនាញដែលមានអ្នករៀនច្រើន គឺជំនាញភ្នាក់ងារអចលនវត្ថុ និងផ្នែកវាយតម្លៃអចលនវត្ថុ ក្នុងនោះដែរការគ្រប់គ្រងអចលនវត្ថុ ហាក់នៅមិនទាន់មានការយល់ដឹងទូលំទូលាយនៅឡើយ។ ជាក់ស្ដែងក្នុងប្រទេសកម្ពុជាយើងត្រូវធនធានមនុស្សផ្នែកនេះច្រើន ហើយអ្នករៀនផ្នែកនេះក៏មានឱកាសច្រើន។

បើតាមលោកឧកញ៉ា ចេង អគ្គនាយកក្រុមហ៊ុន​ស៊ីភីអិល បានមានប្រសាសន៍កន្លងមកថា ការពង្រឹងធនធានមនុស្ស ក្នុងប្រទេសលើវិស័យនេះ នឹងជួយឱ្យវិស័យ​អចលនទ្រព្យកម្ពុជា កាន់តែទទួលបានការអភិវឌ្ឍ​បន្ថែមជាពិសេសនៅពេលវិនិយោគិនបរទេស ចូលមកកម្ពុជានោះ​កម្ពុជាមានធនធានស្រាប់ សម្រាប់ផ្ដល់ជូនពួកគេ​ នឹងជាធនធានមនុស្សដែលមានចំណេះដឹងនិងជំនាញច្បាស់លាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here