ដោយៈ ជេស៊ីកា
ភ្នំពេញៈ គំរោងអភិវឌ្ឍន៍ដែលបានរៀបចំឡើង តាមបរិបទនៃការរស់នៅបែបទីក្រុង និងបរិបទសម័យថ្មីបាន និងកំពុងបង្ហាញរូបរាងនៅតំបន់ទីប្រជុំជនស្រុកស្វាយអន្ទរ ខេត្តព្រៃវែងជាតំបន់ ដែលមានការអភិវឌ្ឍយ៉ាងលឿន។
អ្នកអភិវឌ្ឍន៍បុរី ដែលផ្តោតលើសេវាកម្មរស់នៅចម្រុះ សម្រាប់ការកំសាន្តផង និងអាចប្រកបអាជីវកម្មផង បានសម្តែងសុទិដ្ឋិនិយមពីការរីកចម្រើននៅក្នុងតំបន់ ស្របពេលគំរោងហេដ្ឋារចនាសម្ព័ន្ឋជាច្រើន បាននិងកំពុងតភ្ជាប់ទៅកាន់តំបន់នេះ។
លោកឌិន សុមេធារិទ្ឋអ្នកអភិវឌ្ឍន៍៍គំរោងបុរីមង្គលវីឡា ដែលបាននិងកំពុងអភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៥០ហិកតា បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី៣០ មករានេះថា ការីកចម្រើន នៃជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នេះ បានធ្វើ ឲ្យយើងសម្រេចចិត្តវិនិយោគបុរីនេះឡើង ដើម្បីផ្តល់សេវាកម្មរស់នៅតាមបែបលក្ខណៈទីក្រុង សម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះ ក៏ដូចជាប្រជាពលរដ្ឋដែលចង់រស់នៅ ប្រកបអាជីវកម្ម និងផ្ទះលំហែរនៅតំបន់ជាយរាជធានី។
លោកបន្តថា “គំរោងនេះមានលក្ខណៈពិសេស ដោយស្ថិតនៅចំណុច៤ប្រសព្វគ្នា គឺពីព្រែកតាមាក់តាមផ្លូវជាតិលេខ៨ មកពីស្រុកពារាំង មកពីខេត្តព្រៃវែង អូរាំងឪ មកពីអ្នកលឿង ពិសេសអ្នកធ្វើដំណើរទៅកាន់ខេត្តក្រចេះ រតនៈគិរី មណ្ឌលគិរីសុទ្ឋតែជិះកាត់តំបន់នេះ”។ លោកបន្តថា “នៅតំបន់នេះ ប្រជាពលរដ្ឋរស់នៅតាមផ្លូវ រស់នៅតាមបែបប្រពៃណី ហេតុនេះទើបយើងវិនិយោគបុរីនេះឡើង ដើម្បីឲ្យប្រជាពលរដ្ឋអាចរស់នៅ ប្រកបអាជីវកម្ម មានភាពសុខភាព ក្នុងការរស់នៅ ទើបយើងបង្កើតគំរោងនេះជាមួយផ្លូវភ្លោះធំៗ និងមានសេវាកម្មកំសាន្តលំហែរអារម្មណ៍ជាច្រើនទៀត”។
លោកឌិន សុមេធារិទ្ឋបានបន្តថា យើងបានរៀបចំសួន និងបឹង ដែលមានទំហំរហូតដល់១០ហិកតា ដែលវានឹងក្លាយជាឧទ្យានមួយ សម្រាប់អ្នករស់នៅតំបន់ស្វាយអន្ទរ និងអ្នករស់នៅតំបន់ជុំវិញ ព្រោះការធ្វើដំណើរពីតំបន់នេះទៅស្រុកពារាំង ទៅស្រុកអូរាំងឪ ទៅតំបន់អ្នកលឿង និងតំបន់មួយចំនួនទៀតត្រឹម១៥ ទៅ២០នាទីប៉ុណ្ណោះ។ លោកបន្តទៀតថា ជាមួយនឹងផ្ទៃបឹងធម្មជាតិ និងសប្បនិម្មិតនេះ យើងនឹងរៀបចំជាខ្ចូសទទួលទានអាហារ ទូក ទូកកាយ៉ាក់ កាណូតជិះកំសាន្ត មានសាលប្រជុំ ភោជនីយដ្ឋាន និងបឹងហ្កាឡូ ដែលអាចឲ្យភ្ញៀវស្នាក់នៅបាន។
ជាមួយគ្នានេះ យើងនឹងបង្កើតផ្សារដ៏ធំមួយ ដែលអនុញ្ញាត្តឲ្យប្រជាពលរដ្ឋអាចលក់ដូរ និងមានកន្លែងកុមារលេងកំសាន្តផងដែរ។
លោកឌិន សុមេធារិទ្ឋបានបន្តថា ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍតាមបែបស៊ីវិល័យ និងសមស្របនឹងការប្រែប្រួលអាកាសធាតុ ទើបគំរោងនេះបានរៀបចំបឹង ដែលនឹងផ្តល់បរិយាកាសរស់នៅត្រជាក់ និងមានខ្យល់អាកាសបរិសុទ្ឋ សម្រាប់អ្នករស់នៅមានភាពមនោរម្យ និងផាសុខភាព។ លោកបន្តថា ក្រុមហ៊ុនបាននិងកំពុងសាងសង់ផ្ទះអាជីវកម្ម ផ្ទះវីឡាតូចៗ ផ្ទះ
បែបបឹងហ្គាឡូ និងផ្ទះដែលបានរចនាប្រកប ដោយប្រណីតភាពជាច្រើនទៀត ដែលសមស្របនឹងជីវភាព របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាអ្នកចង់ស្វែងរកការលំហែរ ពីរាជធានីភ្នំពេញផងដែរ ព្រោះនាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋមានជីវភាពធូរធារបាន និងកំពុងចាប់អារម្មណ៍ និងកក់ផ្ទះវីឡារបស់យើង ដែលនឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ៕