ដោយៈ សុផារី
ក្រចេះ៖ លោកអភិបាលខេត្តក្រចេះ លោកវ៉ា ថន បានថ្លែងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះថា ខេត្តក្រចេះនឹងទទួលបានគម្រោងអភិវឌ្ឍន៍ចំនួន៣បន្ថែមទៀត ដែលនឹងមានការចូលរួមសម្ភោធ ដោយសម្តេចតេជោហ៊ុន សែន នៅមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣នេះ។
លោកបានថ្លែងក្នុងពិធីបង្ហាញ ពីសមិទ្ឋផលរបស់ខេត្តក្រចេះនាព្រឹកថ្ងៃទី៣១ មករានេះថា គម្រោងសាងសង់ផ្លូវទី១ គឺ គម្រោងកំណាត់ផ្លូវជាតិលេខ៧ ដែលមានប្រវែងេរុបចំនួន៣១,២៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលខ្លាស្ទុះ ទៅឃុំស្វាយជ្រេះ ស្រុកស្នួល ខេត្តក្រចេះ។
គម្រោងផ្លូវទី២ គឺ គម្រោងផ្លូវខេត្តលេខ៣៧៧ ដែលមានប្រវែងសរុបចំនួន៣៥,៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាបស ទីរួមខេត្តក្រចេះ ទៅទីរួមស្រុកសំបូរ ខេត្តក្រចេះ រួមជាមួយស្ពានចំនួន៩ មានប្រវែងសរុប៤១៣ម៉ែត្រ។
គម្រោងផ្លូវទី៣ គឺគម្រោងផ្លូវលេខ៣៧៧A ដែលមានប្រវែង១៣,៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលសណ្តាន់ ទៅកាន់ផ្លូវជាតិលេខ៧។
លោកបានបញ្ជាក់ថា គម្រោងផ្លូវថ្នល់ទាំងបីនេះ ប្រើប្រាស់ថវិកាកម្ចី ពីសំណាក់ធនាគារពិភពលោក (World Bank) ដោយលោកបានបញ្ជាក់ថា គម្រោងទាំងនោះ នឹងត្រូវបានបើកការដ្ឋាន ដោយមានការចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលខាងមុខ៕