ដោយៈ គង់ សូរិយា
ភ្នំពេញៈ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហើបឲ្យដឹងពីវឌ្ឍនភាព នៃការសាងសង់ព្រលានយន្តហោះទាំងបី ដែលកំពុងដំណើរការសាងសង់ដោយរលូន។
លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសសចរណ៍ស៊ីវិលបានមានប្រសាសន៍ឲ្យដឹង នាព្រឹកថ្ងៃទី៣១ មករានេះថា ដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិទាំងបី កំពុងសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ។
អាកាសយានដ្ឋានសម្តេចតេជោ
ជាក់ស្តែង ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ការសាងសង់ដំណាក់កាលទី១ រួមមាន ស្ថានីយ៍អ្នកដំណើរ ដែលមានអាគារកណ្តាល និងស្លាបឆ្វេង ផ្លូវរត់ទី១ ផ្លូវបរអាកាសយាន ផ្លូវរត់អាកាសយាន ផ្លូវពីអាកាសយានតភ្ជាប់ទៅមហាវិថីសម្តេចតេជោ និងអាគារផ្សេងៗទៀត ដើម្បីទ្រទ្រង់ដំណើរការ អាកាសយានដ្ឋាន ដែលអាចទទួលអ្នកដំណើរ១៣លាននាក់នៅឆ្នាំ២០២៥។
បច្ចុប្បន្ននេះ ដំណាក់កាលទី១ នៃការសាងសង់គិតត្រឹមថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ២០២២ ក៏សម្រេចបានប្រមាណជាង៤៣ភាគរយ និងបានចំណាយថវិកាសរុប៦១៧លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ
ការសាងសង់អាកាសយានដ្ឋាននេះ គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២២ សម្រេចបានជាង៦៣ភាគរយ និងចំណាយថវិកាអស់៤៧៣លានដុល្លារអាមេរិក។ គំរោងសាងសង់អាកាសយានដ្ឋាននេះ គ្រោងនឹងបញ្ចប់នៅខែមិនា ឆ្នាំ២០២៣ និងដាក់ឲ្យដំណើរការនៅខែតុលា ឆ្នាំនេះ។
អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង
គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២២ ការសាងសង់សម្រេចបាន៩០ភាគរយ និងបានចំណាយថវិកាសរុប១៨០លានដុល្លារអាមេរិក ក្នុងចំណោម
ថវិកាសរុបសម្រាប់គំរោងទាំងមូលចំនួន២០០លានដុល្លារ។ គំរោងអាកាសយានដ្ឋាននេះ គ្រោងបញ្ចប់នៅដំណាច់ឆ្នាំ២០២២ ប៉ុន្តែដោយសារបញ្ហាប្រឈមមួយចំនួន ទើបក្រុមហ៊ុនស្នើសុំពន្យាពេល ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៣៕