ដោយៈ សុផារី
ភ្នំពេញៈ ក្រុមអ្នកជំនាញបានបង្ហាញសុទិដ្ឋិនិយមតិចតួចពីការងើបឡើងនៃវិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំនេះ ស្របពេលមន្រ្តីរដ្ឋាភិបាលបង្ហើបថា រដ្ឋាភិបាលនឹងមិនទុកឲ្យវិស័យនេះជាប់គាំងឡើយ។
ឆ្លងកាត់វិបត្តិជាច្រើនលើកច្រើនសារ ទីផ្សារអចលនទ្រព្យកម្ពុជាត្រូវបានវាយតម្លៃថា មានភាពរឹងមាំ និងមានភាពធន់ខ្ពស់។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកសន សៀមបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៣០ មករាថា ស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២២បន្តិច ប៉ុន្តែនៅមិនទាន់អាចឈានដល់កម្រិត មុនវិបត្តិបាននៅឡើយ។
លោកបន្តថា “កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថា នឹងមានកំណើនល្អប្រសើរ ដែលអាចជះឥទិ្ធពលល្អ ដល់កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៣នេះ”។ លោកបន្តថា លោកជឿជាក់លើវិស័យអចលនទ្រព្យកម្ពុជាថា នៅក្នុងឆ្នាំ២០២៣ នឹងមានចំណុចល្អប្រសើរប្រសិនបើប្រៀបធៀបនឹងឆ្នាំ២០២២”។
លោកបន្តថា “ប្រសិនបើសួរថា តើរីកចម្រើនកម្រិតណា? ខ្ញុំគិតថា វានៅមិនទាន់មានកម្លាំងរីកចម្រើនខ្លាំងក្លានៅឡើយទេ ទោះបីជាសេដ្ឋកិច្ចក៏នៅមិនទាន់មានការរីកចម្រើនដល់មុនកូវីដ១៩ដែរ។ វិស័យអចលនទ្រព្យក៏រីកចម្រើន ត្រដងត្រសងជាមួយសេដ្ឋកិច្ច”។លោកបន្តថា “ខ្ញុំគិតថា អចលនទ្រព្យនឹងរីកចម្រើនមួយចំនួន អាចប្រសើរជាង២០២២ ប៉ុន្តែមិនទាន់បានប្រសើរដូចមុនកូវីដ១៩ នៅឡើយទេ”។
លោកសន សៀបបានបន្ថែមថា កំណើននៃវិស័យនេះអាចរីកចម្រើន អាស្រ័យទៅបរិបទ នៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនថា អាចនឹងមានឥទ្ធិពលលើទីផ្សារកម្ពុជាទាំងមូល ហើយរហូតមកទល់នឹងបច្ចុប្បន្ននៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។
ជាមួយគ្នានេះ លោកស្រី អាន សុធីតា អគ្គនាយិកា ក្រុមហ៊ុនអចលនទ្រព្យ PropNex ក៏បានបង្ហាញសុទិដ្ឋិនិយម នៃការងើបឡើងវិញនៃវិស័យអចលទ្រព្យនៅក្នុងឆ្នាំ២០២៣នេះផងដែរ។
លោកស្រីលើកឡើងកាលពីពេលថ្មីៗនេះថា ក្រោយពីរងផលប៉ះពាល់ប្រមាណ៣ឆ្នាំជាប់គ្នា បន្ទាប់ពីរីករាលដាលនៃជំងឺកូវីដ១ និងការផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរ អចលនទ្រព្យកម្ពុជានឹងងើបឡើងវិញ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបើកប្រទេសចិនឡើងវិញ ដោយអនុញ្ញាតប្រជាពលរដ្ឋ និងជនបរទេសអាចធ្វើដំណើរចេញចូលប្រទេស ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រវចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវវត្ថុបានលើកឡើង ក្នុងវេទិកាសាធារណៈកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលនឹងមិនទុកឲ្យវិស័យនេះជាប់គាំងឡើយ ព្រោះវាជាជន្ទល់ដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលវិស័យនេះបានរួមចំណែក១០ភាគរយនៃផលទុនជាតិសរុប។
លោកបន្តថា “បច្ចុប្បន្នមានក្រុមហ៊ុនប្រមាណ២០ភាគរយ អាចរស់បាន ក្រៅពីនេះគឺមានការពឹងផ្អែកលើធនាគារ និងកាតរលក់ ប៉ុន្តែវិស័យនេះ អាចប្រឈមមុខនឹងកង្វះឥណទាន”។ លោកបន្តថា “រដ្ឋាភិបាលនឹងអន្តរាគមន៍ ដើម្បីជួយដល់វិស័យនេះ”។
ទោះជាយ៉ាងណាលោកវង្ស៊ី វិស្សុតមិនបញ្ជាក់លំអិតថា អន្តរាគមន៍នោះនឹងធ្វើបែបណានៅឡើយទេ៕