ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ទីផ្សារខុនដូ នៅក្នុងប្រទេសកម្ពុជាហាក់មានក្ដីសង្ឃឹមជាថ្មីក្រោយពីប្រទេសចិន បើកទូលាយដល់ការធ្វើដំណើរ របស់ប្រជាជនរបស់ខ្លួន ក្នុងការចេញចូលទៅក្រៅប្រទេសហើយជាពិសសនោះ គឺទេសចរជនជាតិចិនជាបន្តបន្ទាប់ចាប់ផ្ដើមចូលមកក្នុងប្រទេសកម្ពុជា។
អ្នកជំនាញនៃទីផ្សារខុនដូបានបង្ហាញពីក្ដីរំពឹងខ្ពស់ ចំពោះទីផ្សារនេះ ពីព្រោះថា វិនិយោគិននិងទេសចរចិន នឹងចេញធ្វើដំណើរទៅក្រៅប្រទេសដើម្បីស្វែងរកការវិនិយោគ ក៏ដូចជាស្នាក់នៅបណ្ដាប្រទេស ដែលជាគោលដៅរបស់ខ្លួន ក្នុងនោះដែរកម្ពុជាក៏ជាគោលដៅមួយ របស់ជនជាតិចិនផងដែរ ស្របនឹងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏មានទំនាក់ទំនងយ៉ាងស្អិតរមួតទាំងការទូតនិងពាណិជ្ជកម្ម ។
លោកស៊ុន មេសា នាយកគ្រប់គ្រងការវិនិយោគខុនដូ នៃក្រុមហ៊ុន Century 21 Mekong បានថ្លែងតាមទូរសព្ទ នៅរសៀលថ្ងៃទី៣១ មករា ២០២៣នេះឱ្យដឹងថា វត្តមានជនជាតិចិន មកកាន់ប្រទេសកម្ពុជាជាថ្មីៗនៅពេលនេះ នឹងជួយឱ្យទីផ្សារខុនដូ នៅក្នុងប្រទេសកម្ពុជាមានសកម្មភាពទិញលក់ និងវិនិយោគឡើងវិញ ហើយសន្ទុះនៃទីផ្សារនេះនឹងកាន់តែខ្លាំងស្របនឹងតម្លៃនៃខុនដូ ក្នុងប្រទេសកម្ពុជាយើងនៅមានកម្រិតទាបជាងបណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ានក៏ដូចជាប្រទេសជិតខាង ។
លោកបន្តថា “យើងបានឃើញចិនមកដល់កម្ពុជា មួយយន្តហោះដែលមានន័យជនជាតិចិនទាំងនេះ បានចាប់អារម្មណ៍កម្ពុជាហើយម៉ៅទាំងយន្តហោះមកតែម្ដង ដូច្នេះវាជាសញ្ញាកាន់តែប្រសើរ សម្រាប់ទីផ្សារមួយនេះ”។ លោកបន្តថា “យើងត្រូវចាំថាជនជាតិចិន ដែលទិញខុនដូនៅក្នុងប្រទេសកម្ពុជាកន្លងមក គឺជាទិញដើម្បីវិនិយោគដែលមានន័យថា ពួកគេមិនមែនទិញ១យូនីត សម្រាប់តែស្នាក់នៅប៉ុណ្ណោះទេ តែគេទិញច្រើនយូនីត ដើម្បីទុកជួលបន្តដល់ជនបរទេសផ្សេងទៀត ដែលមកស្នាក់នៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលខ្លី ឬរយៈពេលវែង”។
លោកមេសាបានបន្ថែមថា វត្តមានជនជាតិចិនមកកម្ពុជា នៅពេលនេះដែរ ក៏ជាសញ្ញាវិជ្ជមាន សម្រាប់ការវិនិយោគនិងបន្តដំណើរការសាងសង់ឡើងវិញ ចំពោះអគារជាប់គាំងនៅខេត្តព្រះសីហនុផងដែរ ជាក់ស្ដែងចិនមួយយន្តហោះ ដែលមកដល់កម្ពុជាប៉ុន្មានថ្ងៃមុននេះ គឺគេបានកំណត់គោលដៅចុះចតនៅខេត្តព្រះសីហនុ។ ហេតុអ្វីគេមិនចុះចតនៅភ្នំពេញឬសៀមរាប។ ទាំងនេះ គឺជាការបង្ហាញយ៉ាងជាក់ច្បាស់ ចំពោះគោលបំណងរបស់ជនជាតិចិន។
ជាមួយគ្នានេះលោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia ក៏បានលើកឡើងផងដែរថា កាលពីឆ្នាំ២០២២ កម្ពុជាបានរៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗមួយចំនួន ដែលព្រឹត្តិការណ៍ទាំងនេះ បានបង្ហាញឱ្យបរទេសស្គាល់ពីកម្ពុជា កាន់តែច្បាស់និងច្រើនជាងមុន ដូច្នេះហើយនៅក្នុងឆ្នាំ២០២៣ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ កាន់តែខ្លាំងពីព្រឹត្តិការណ៍ដែលរៀបចំកន្លងមក។
លោករំពឹងថា “សន្ទុះនៃការទិញលក់ខុនដូ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣នេះ អាចនឹងមានកំណើនខ្លាំងជាងមុនៗ ពីព្រោះតែទីផ្សារនេះបច្ចុប្បន្ន គឺពឹងទៅលើអ្នកក្នុងស្រុកច្រើនជាងអ្នកខាងក្រៅ ហើយនៅពេលដែលមានអ្នកខាងក្រៅចូលមកបន្ថែមទៀតវានឹងធ្វើឱ្យទីផ្សារកាន់តែល្អ”៕