រាជធានីភ្នំពេញ ៖ ក្រោយពីរាជរដ្ឋាភិបាល សម្រេចយកដីបឹងតាមោក ២០ហិកតា ធ្វើជាផ្សារចែកចាយបន្លែ និងចំណតរថយន្តក្រុង និងជាពិសេសកន្លែងចែកចាយបន្លែនៅផ្សារដើមគរ នឹងរើទៅផ្សារថ្មីនេះ គិតមកត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ផ្សារដើមគរថ្មីនេះ សាងសង់ជិតរួចរាល់ហើយ ។
«ផ្សារដើមគរថ្មី» ត្រូវបានគេដាក់ឈ្មោះថា «ផ្សារបោះដុំអាស៊ាន-អន្តរជាតិ» នៅជាប់មហាវិថីឈ្នះឈ្នះ អតីតបឹងតាមោក(កប់ស្រូវ) ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។ ផ្សារដើមគរថ្មីនេះ ក៏ជាផ្សារបោះដុំធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា ផងដែរ ។
រាជរដ្ឋាភិបាល បានយល់ព្រមជាគោលការណ៍ យកដីចំនួន ២០ហិកតា នៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។
ការសម្រេចបង្កើតផ្សារផ្គត់ផ្គង់បន្លែផ្លែឈើ និងចំណតរថយន្តនៅបឹងតាមោកនេះ ទទួលបានចំណារដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨។
រហូតដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានធ្វើសំណើមួយ ទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំដីនៅបឹងតាមោកចំនួន ២០ហិកតា ដើម្បីសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្ត៕