អ្នកជំនាញណែនាំទីតាំងវិនិយោគដីធ្លីអាចទទួលបានចំណេញ នៅក្នុងឆ្នាំ២០២៣

0

ដោយៈ សុផារី

ភ្នំពេញៈ ទោះបីជាចរន្តទិញលក់ដីធ្លី នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការថមថយចុះក្តី តែនៅតែមានអ្នកវិនិយោគ ព្យាយាមស្វែងរកឱកាស ក្នុងការទិញអចលនទ្រព្យដិធ្លីទុក ដោយសង្ឃឹមថានឹងទទួលបានផលចំណេញនៅពេលអនាគត។

នៅក្នុងឆ្នាំ២០២៣នេះ សម្រាប់អ្នកដែលស្វែងរកឱកាសវិនិយោគ អ្នកជំនាញណែនាំឱ្យជ្រើសរើសទីតាំងមួយចំនួន។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា នៅក្នុងឆ្នាំ២០២៣នេះ សម្រាប់អ្នកដែលមានទុនគ្រប់គ្រាន់ហើយមានបំណង ចង់វិនិយោគលើអចលនទ្រព្យ គាត់អាចពិចារណាក្នុងការបោះទុនវិនិយោគលើតំបន់មួយចំនួន អាចនឹងទទួលបានផលចំណេញត្រលប់វិញ នៅក្នុងរយៈពេលមធ្យម ដូចជា ខណ្ឌសែនសុខ ខណ្ឌភ្នំពេញថ្មី តំបន់ភ្នំបាសិត និងបឹងទំនប់កប់ស្រូវ។

លោកបានបញ្ជាក់ថា “បើបងប្អូនមិនមានបញ្ហា រឿងលំហូរសាច់ប្រាក់ទេ បងប្អូនអាចវិនិយោគដីធ្លីនៅក្នុងតំបន់មួយចំនួន។ សម្រាប់ការអភិវឌ្ឍក្នុងរយៈពេលមធ្យម អាចពិចារណាដីធ្លី នៅក្នុងខណ្ឌសែនសុខ ខណ្ឌភ្នំពេញថ្មី តំបន់ភ្នំប្រសិទ្ឋ និងបឹងទំនប់កប់ស្រូវ”។

យោងតាមការសិក្សាអំពីតម្លៃដីធ្លីនៅក្នុងក្រុងភ្នំពេញ បានឱ្យដឹងថា តម្លៃដីធ្លីនៅក្នុងខណ្ឌសែនសុខ បច្ចុប្បន្នមានតម្លៃស្ថិតនៅចន្លោះ៥០០ដុល្លារ ទៅ១៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែក ខណ្ឌព្រែកព្នៅមានតម្លៃស្ថិតនៅចន្លោះ១០០ដុល្លារ ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីធ្លីនៅក្នុងខណ្ឌទាំងពីរនេះមានតម្លៃទាប បើប្រៀបធៀបនឹងតម្លៃដីធ្លីនៅក្នុងខណ្ឌផ្សេងទៀត ហើយនៅពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍក៏មានទំនោរទៅរកភាគខាងជើងនៃក្រុងភ្នំពេញច្រើន មិនថា គម្រោងលំនៅឋាន គម្រោងអាគារ ក្រសួងរបស់ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនជាច្រើន។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ តម្លៃដីធ្លីនៅក្នុងក្រុងភ្នំពេញ នឹងមានកំណើនក្នុងអត្រាប្រមាណ៥ភាគរយ កើនឡើងពីកំណើនចំនួន៦ភាគរយ នៅក្នុងឆ្នាំ២០២២។

លោកស្រីឱ្យដឹងថា នៅក្នុងឆ្នាំនេះ តាមការព្យាករ ប្រតិបត្តិការដីធ្លីនឹងអាចមានកម្រិតទាប ដោយសារតែក្តីបារម្ភនៃការបោះឆ្នោតជាតិ។ ទោះជាយ៉ាងណាក៏ដោយ វិបត្តិសេដ្ឋកិច្ចអាចនឹងធូរស្រាលជាងមុន ដែលនាំឱ្យមានការរំពឹងថា នឹងអាចជួយបង្កើនប្រតិបត្តិការដីធ្លី ក្នុងក្រុងភ្នំពេញឡើងវិញបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here