ដោយៈវឌ្ឍនៈ
ភ្នំពេញៈ ចុងឆ្នាំ២០២២កន្លងទៅនិងដើមឆ្នាំ ២០២៣នេះ រដ្ឋាភិបាលកម្ពុជាបានបង្ហាញ ពីផែនការនៃគម្រោងវិនិយោគរបស់រដ្ឋមួយចំនួន ដែលភាគច្រើនជាគម្រោងធំៗ និងជាគម្រោងប្រវត្តិសាស្ត្រ ដែលគម្រោងទាំងនោះដែរ នឹងក្លាយជាធ្នាក់ទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ ដើម្បីបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
គម្រោងធំៗដែលរដ្ឋាភិបាលបានលើក និងប្រកាសដាក់ក្នុងផែនការអាទិភាពសម្រាប់អភិវឌ្ឍន៍ក្នុងពេលឆាប់ៗនេះ រួមមានគម្រោងស្ពានឆ្លងទន្លេពីភ្នំពេញទៅអរិយក្សត្រ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត គម្រោង ស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ទៅល្វាឯម គម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ ប៉ោយប៉ែត និងគម្រោងមួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយទៀត បានចាប់ផ្ដើមដំណើរការសាងសង់រួចហើយដែរ ។
-->
គម្រោងអភិវឌ្ឍន៍ទាំងនេះ នឹងជួយឱ្យមានការវិនិយោគបន្ថែមទៀតនៅតំបន់ដែលមានការអភិវឌ្ឍ ជាក់ស្ដែងគ្រាន់តែរដ្ឋប្រកាសពីគម្រោងសង់ស្ពានឆ្លងពីភ្នំពេញ ទៅអរិយក្សត្រភ្លាម វិនិយោគិនជាតិជាច្រើនបាននាំគ្នាទៅកាន់ទីនោះ ដើម្បីអភិវឌ្ឍន៍គម្រោងឯកជន របស់ខ្លួនរួចជាស្រេច ដែលជំរុញឱ្យដីធ្លីនៅតំបន់អរិយក្សត្រហក់ឡើងភ្លាមៗតែម្ដង ។
លោកថាន់ ចាន់ណាអគ្គនាយកនៃក្រុមហ៊ុនអភិវឌ្ឍន៍បុរីមួយកន្លែងនៅប៉ែកខាងកើតភ្នំពេញបានមានប្រសាសន៍ឱ្យដឹងថា គ្រាន់តែគម្រោងស្ពានប្រកាស និងចេញប្លង់ភ្លាមដីធ្លីនៅតំបន់អរិយក្សត្រ និងតំបន់ជិតៗនោះបានហក់ឡើងភ្លាមតែម្ដង ធ្វើឱ្យអ្នកអភិវឌ្ឍន៍ដែលមិនទាន់បានត្រៀមដីពិបាកក្នុងការស្វែងរកទិញដីសម្រាប់អភិវឌ្ឍន៍ ។
លោកបន្តថា “សម្រាប់អ្នកវិនិយោគធំៗ គាត់បានត្រៀមដីរួចរាល់នៅតំបន់នោះ ដូច្នេះពេលប្រកាសសង់ស្ពានភ្លាម ក៏ធ្វើឱ្យពួកគាត់ចាប់ផ្ដើមត្រួសត្រាយផ្លូវ ត្រួសត្រាយគម្រោងរបស់គាត់ភ្លាមដែរ ហើយពួកគេក៏អត់ចាំបាច់ក្នុងការស្វែងរកទីតាំងដែរ ពីព្រោះតែគាត់មានដីស្រាប់ទៅហើយ”។

លោកបន្ថែមថា សម្រាប់អ្នកដែលចង់វិនិយោគ នៅតំបន់អរិយក្សត្រតែមិនទាន់មានទីតាំង គឺពិបាកក្នុងការស្វែងរកទីតាំងណាស់ ហើយបើគាត់ចង់បានគឺត្រូវចំណាយថ្លៃដើមខ្ពស់ ជាពិសេសទៅលើដីធ្លីតែម្ដង។
គម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ដែលគ្រោងនឹងអភិវឌ្ឍន៍នៅពេលឆាប់ៗនេះ ក៏នឹងធ្វើឱ្យមានការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនក្នុងនិងមកពីបរទេសដែរ ជាពិសេសនោះក៏បានជំរុញឱ្យតម្លៃដីធ្លី នៅតំបន់អភិវឌ្ឍន៍ហក់ឡើងមួយកម្រិតដូចគ្នា ។

លោកថា ថេង ប្រធានសាខានៃក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តស្វាយរៀងបានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតក៏បានធ្វើឱ្យសក្ដានុពលដីធ្លី នៅខេត្តស្វាយរៀង ជាពិសេសក្រុងបាវិត ងើបឡើងវិញបន្តិចក្រោយពីតំបន់នេះ ត្រូវបានស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីការចាកចេញរបស់វិនិយោគិនចិន និងដោយសារកូវីដ១៩ ។
លោកជឿជាក់ថា “នៅពេលគម្រោងនេះ ចាប់ផ្ដើមបើកការដ្ឋាន វានឹងផ្ដល់ទំនុកចិត្តបន្ថែមទៀត ដល់វិនិយោគិន ហើយនឹងធ្វើឱ្យវិនិយោគិនកាន់តែច្រើន មកកាន់ទឹកដីនៃខេត្តស្វាយរៀង និងតំបន់ព្រំដែនកម្ពុជា វៀតណាម ដើម្បីរកការវិនិយោគបន្ថែមលើដីធ្លីនិងគម្រោងនានា”៕
