កម្ពុជានឹងចំណេញថវិកា៥៣០លានដុល្លារខណៈការសិក្សាសាងសង់រថយន្តល្បឿនលឿនបានបញ្ចប់

0

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងគិតគូរពីការដឹកជញ្ជូនទំនិញតាមរថភ្លើងពីប្រទេសកម្ពុជា ទៅកាន់ព្រំដែននៃប្រទេសជិតខាងក្នុងនោះថៃជាប្រទេសដំបូងគេ ដែលកម្ពុជាគ្រោងនឹងចាប់ផ្ដើមសាងសង់ផ្លូវរថភ្លើងល្បឿនលឿននាពេលខាងមុខ។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍កាលពីពេលថ្មីៗឱ្យដឹងថា បើសិនជាយើងដឹកទំនិញតាមផ្លូវរថភ្លើង កម្ពុជានឹងចំណេញថវិកា ប្រមាណ៥៣០លានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៣៥តទៅ បើធៀបជាមួយនឹងការដឹកជញ្ជូនទំនិញ តាមផ្លូវគោកឬតាមរថយន្ត ហើយវានឹងចំណេញដល់៨០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០៤៥។

លោកបន្តថា បច្ចុប្បន្ននេះ យើងបានបញ្ចប់ការសិក្សារួចហើយ លើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ ប៉ោយប៉ែតព្រំដែនកម្ពុជា​ថៃ ដែលគម្រោងនេះ នឹងត្រូវចំណាយថវិកាប្រមាណ៤ពាន់លានដុល្លារអាមេរិក ដោយនឹងអាចរត់ក្នុងល្បឿនពី១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោងទៅ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលវានឹងចំណេញពេលវេលា និងចំណេញថវិកា ។

លោកបានបន្ថែមថា “ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន យើងនឹងជំរុញឱ្យមានការដឹកជញ្ជូនផ្លូវទឹក ឱ្យបានច្រើនជាងមុន ដឹកជញ្ជូនតាមផ្លូវដែក ឱ្យបានច្រើនជាងមុនបន្ថែមទៀត”។ លោកបន្តថា”បច្ចុប្បន្ននេះ ការដឹកជញ្ជូនតាមផ្លូវទឹក និងការដឹកជញ្ជូនតាមផ្លូវដែកមានការកើនឡើងច្រើនជាងមុនបន្តិចហើយ តែមិនទាន់ដល់កម្រិតដែលយើងចង់បាននោះទេ គឺយើងត្រូវតែជំរុញឱ្យមានការកើនឡើង ខ្ពស់ជាងនេះបន្ថែមទៀត”។

លោកស៊ុន ចាន់ថុលឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវរថភ្លើងយើង មានដំណើរការហើយ ពីប៉ោយប៉ែត មកភ្នំពេញ ប៉ុន្តែល្បឿនរថភ្លើងយើងនៅយឺតនៅឡើយ ត្រឹម៣០គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយគីឡូម៉ែត្រ ដូច្នេះដើម្បីឱ្យការដឹកជញ្ជូនទំនិញរបស់យើងបានលឿន និងច្រើនជាងមុនយើងត្រូវការរកក្បាលរថភ្លើងដែលមានល្បឿនលឿន និងត្រូវអភិវឌ្ឍន៍ផ្លូវរថភ្លើងឱ្យរត់បានលឿនជាងមុន។

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា នាពេលនេះកំពុងតែអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ ដោយកម្ពុជាបានសាងសង់ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង ការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាសផងដែរ ប៉ុន្តែការដឹកជញ្ជូ​នដែលមានតម្លៃទាបជាងគេនោះ គឺការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែក ជាពិសេសការដឹកជញ្ជូនចេញទៅក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here