ដោយៈ ជេស៊ីកា
ព្រៃវែងៈ អ្នកអភិវឌ្ឍន៍ក្នុងស្រុកមួយក្រុម បាននិងកំពុងត្រៀមរៀបចំសាងសង់ផ្សារសហគមន៍មួយ នៅទីរួមស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីពង្រីកសក្តានុពលក្នុងតំបន់។
ផ្សារនេះ នឹងសាងសង់ឡើងក្នុងគំរោងមង្គលវីឡា-ព្រៃវែងបុរី មានទីតាំងនៅចំណុចប្រសព្វគ្នារវាង ផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ១១ ដែលជាទីប្រជុំជន និងជាតំបន់សេដ្ឋកិច្ចពិសេសមួយ នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
គម្រោងរបស់យើងបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម អភិបាលនៃគណអភិបាលខេត្តព្រៃវែង ។
មានឈាមជ័រជាអ្នកព្រៃវែង និងជាអ្នកជំនាញផ្នែកអភិវឌ្ឍន៍ទីក្រុង លោកឌិន សុមេធារិទ្ធ ដែលជាស្ថាបនិករបស់គម្រោង បង្កើតគម្រោងនេះឡើងក្នុងគោលបំណង លើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់ បង្កើតបរិយាកាសដ៏មនោរម្យដើម្បីអោយប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរណ៍ជិតឆ្ងាយ អាចមករស់នៅ ប្រកបអាជីវកម្ម សម្រាកលម្ហែរ និងស្រូបខ្យល់អាកាសបែបធម្មធាតិដោយរីករាយ។
លោកឌិន សុមេធារិទ្ឋបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី២ កុម្ភៈថា លោកចង់ចូលរួមចំណែកផ្តល់ការងារ និងឱកាសអាជីវកម្មដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ពិសេសសាងសង់បុរីមានលក្ខណៈ ជាទីក្រុងស៊ីវិល័យមួយ សម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់។
លោកបន្តថា “គោលដៅរបស់ខ្ញុំ ចង់រួមចំណែកលើកកំពស់សេដ្ឋកិច្ច ស្តង់ដានៃការរស់នៅ ដល់ប្រជាជននៅខេត្តព្រៃវែង និងប្រជាពលរដ្ឋជុំវិញឲ្យស្គាល់ពីស្តង់ដានៃការរស់នៅបែបទីក្រុង”។ លោកបន្តថា “ដោយសារយើងរៀបចំហេដ្ឋារចនាសម្ព័ន្ឋ សួនច្បារ បឹងកំសាន្ត និងដាំដើមឈើឲ្យមានភាពស្រស់បំព្រង ប្រជាពលរដ្ឋក្នុងតំបន់ បានហៅគំរោងរបស់យើងជាប៉េង ហួតនៅក្នុងខេត្តព្រៃវែង”។
អភិវឌ្ឍន៍នៅលើផ្ទៃដីជាង ៥០ហត្ថ មានហេដ្ឋារចនាសម្ព័ន្ធធំទូលាយ សម្រាប់បម្រើប្រយោជន៍សាធារណៈ មានផ្សារសហគមន៍ដែលផ្ដល់ឱកាសអោយអាជីវករ កសិករ អាចយកសិផល និងផលិតផល មកលក់ដូរដោយឥតគិតថ្លៃ និងថែមទាំងផ្ដល់ឱកាសការងារដោយផ្ទាល់និងប្រយោលរាប់រយកន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ។ មានទីធ្លាធំទូលាយ ជាទីកន្លែងមួយសមស្របបំផុតសម្រាប់ប្រជាជនអាចដើរ រត់ និងជិះកង់ហាត់ប្រាណ កំសាន្តជាមួយនឹងខ្យល់អាកាសធម្មជាតិដ៏ល្អបរិសុទ្ធ។
លោកឌិន សុមេធារិទ្ឋបានបន្តថា គំរោងនេះនឹងមានការរៀបចំសួនច្បារ ផ្កា ដើមឈើគ្រប់ទីកន្លែង និងធំទូលាយ ជាពិសេសមានរម្យណីដ្ឋានបឹងស្នេហ៍ថ្មី ដែលមានផ្ទៃបឹងរហូតដល់ជាង១០ហិកតា បង្កើតបានជាផ្ទាំងទស្សនីយភាព និងបរិយាកាសដ៏មនោរម្យ៕