ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ អាជីវកម្មដីឡូត៏កាលពីប៉ុន្មានឆ្នាំមុននេះ បានទាក់ទាញអតិថិជន ប្រជាពលរដ្ឋភ្លូកទឹកភ្លូកដីទិញដើម្បីទុកសង់ផ្ទះ និងខ្លះទៀតថាទិញដើម្បីទុកចំណេញ ហើយកាលនោះដែរ អ្នកអភិវឌ្ឍន៍ដីឡូត៏ជាច្រើនក៏ទទួលបានផលចំណេញពីអាជីកម្មនេះមិនតិចដែរ។
មកដល់បច្ចុប្បន្នទីផ្សារដីឡូត៏ ត្រូវមើលឃើញថាកាន់តែចង្អៀត និងខ្សត់អ្នកទិញ ហើយអ្នកទិញមួយចំនួនទៀត ក៏មានការពិចារណាខ្ពស់មុននឹងសម្រេចចិត្តទិញ។
បើយើងក្រលេក ទៅមើលទំនិញអចលនទ្រព្យមួយនេះ ភាគច្រើនអ្នកទិញជាអ្នកមានចំណូលទាប និងមធ្យមប៉ុណ្ណោះ សម្រាប់អ្នកដែលមានចំណូលខ្ពស់ គេមិនសូវចាប់អារម្មណ៍លើទំនិញ អចលនទ្រព្យមួយនេះឡើយ។ ដូច្នេះ នៅក្នុងអំឡុងពេលកូវីដ១៩ អ្នកដែលមានចំណូលទាប និងមធ្យមគឺជាអ្នកដែលទទួលផលប៉ះពាល់ លើប្រាក់ចំណូលច្រើនជាងគេ។ ហេតុដូច្នេះទើបយើងឃើញថា ទីផ្សារដីឡូត៏ក៏មានការថមថយ ទៅតាមនោះដែរ ប៉ុន្តែមានអ្នកមួយចំនួននៅ តែអះអាងពីកំណើនទីផ្សាររបស់ខ្លួន។
អចលនទ្រព្យមួយប្រភេទនេះដែរ ក៏ចាប់ផ្ដើមផ្លាស់ប្តូររបៀបអភិវឌ្ឍន៍របស់ខ្លួន ដោយកាលពីមុនគេផ្ដោតលើដីឡូត៏ សម្រាប់លំនៅឋានភាគច្រើន ប៉ុន្តែមកដល់បច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍ដីឡូត៏មួយចំនួនធំ បានផ្ដោតលើដីឡូត៏លំហែដែលមានទំហំធំជាងមុន និងមានទីតាំងនៅឆ្ងាយពីទីប្រជុំជន ហើយអ្នកអភិវឌ្ឍន៍ដីឡូត៏ទាំងនោះ ក៏បានបន្ថែមដំណាំជូនអតិថិជនរបស់ខ្លួនផងដែរដូចជាដើមដូង ដើមស្វាយ និងដំណាំហូបផ្លែជាច្រើនទៀត។
យ៉ាងណាក្ដី ដោយសារតែមួយរយៈចុងក្រោយនេះដែរ អ្នកអភិវឌ្ឍន៍ដីឡូត៏មួយចំនួន បានធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្ត ទើបធ្វើឱ្យអ្នកទិញដីឡូត៏ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុននឹងសម្រេចចិត្តទិញដីឡូត៏ពីអ្នកអភិវឌ្ឍន៍ណាមួយ ។
លោកផូន សុអុនដែន ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៏មួយកន្លែងប៉ែកខាងលិចរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយវិបត្តិកូវីដ១៩ អ្នកទិញលក់ដីឡូត៏មួយចំនួន បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយពួកគេមិនចេះតែទិញតាមៗគ្នាដូចពីមុន ឬតាមការឃោសនារបស់អ្នកអភិវឌ្ឍន៍ឡើយ។
មុននឹងពួកគាត់សម្រេចចិត្តទិញដីឡូត៏ ពីគម្រោងណាមួយនោះ ពួកគាត់បានចុះ ទៅដល់ទីតាំងសួររកពីប្លង់កម្មសិទ្ធិ របស់អ្នកអភិវឌ្ឍន៍ច្បាស់លាស់ទើបពួកគាត់សម្រេចចិត្តទិញតាមក្រោយ ។
លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate ម្ចាស់គម្រោងដីឡូត៏លំហែឋានសួរបូកគោក៏បានលើកឡើងផងដែរថា អាជីវកម្មដីឡូត៏នៅក្នុងប្រទេសកម្ពុជា អាចនឹងថមថយហើយកាន់តែលែងមានជំនឿទុកចិត្តពីសំណាក់អតិថិជន បើសិនជាអ្នកអភិវឌ្ឍន៍គម្រោងដីឡូត៏ផ្ដោតលើប្រាក់ចំណេញខ្លាំងពេក ដោយមិនគិតពីគុណភាពនៃការអភិវឌ្ឍរបស់ខ្លួន ។
គម្រោងខ្លះ ផ្ដល់ជូនអតិថិជននូវប្លង់កម្មសិទ្ធិត្រឹមត្រូវមែន ប៉ុន្តែនៅក្នុងគម្រោងនោះមិនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គ្រប់គ្រាន់ និងមិនបានគិតគូរពីការរស់នៅរបស់អតិថិជននៅពេលអនាគត។
លោកបន្តថា “ការអភិវឌ្ឍដែលគ្រាន់តែពុះឡូត៍ បោះបង្គោលចោល ដោយគ្មានវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត មិនជោគជ័យទេ ហើយអ្នកអភិវឌ្ឍបែបនេះ នឹងសម្លាប់ទីផ្សារដីឡូត៍ដោយខ្លួនឯង”៕