ដោយ: គង់ លាងហួរ
ប៉េកាំង: ទីក្រុងជាច្រើនក្នុងប្រទេសចិន បានកាត់បន្ថយ ឬរហូតដល់ថ្នាក់លុបចោលអត្រាការប្រាក់កម្ចីអប្បបរមា សម្រាប់អ្នកទិញផ្ទះលើកដំបូង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈអាជ្ញាធរបានសម្រាលច្បាប់បន្ថែមទៀត ដើម្បីជំរុញតម្រូវការអចលនទ្រព្យលំនៅដ្ឋានឡើងវិញ។
កាលពីថ្ងៃទី៦ ខែមករា ធនាគារកណ្តាលចិន បានប្រកាសថា ខ្លួនអនុញ្ញាតឱ្យទីក្រុងមួយចំនួន ដែលមានតម្លៃផ្ទះធ្លាក់ចុះ ក្នុងអត្រាប្រចាំខែនិងប្រចាំឆ្នាំ សម្រាប់រយៈពេល៣ខែជាប់ៗគ្នា អាចកាត់បន្យ ឬលុបចោលអត្រាការប្រាក់កម្ចី ទិញផ្ទះអប្បបរមាសម្រាប់អ្នកទិញផ្ទះដំបូង។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន E-house China Research and Development Institute ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានឱ្យដឹងថា ទីក្រុងចំនួន២៦ បានចាត់វិធានការបែបនេះ រួមទាំងទីក្រុងTianjin និងរដ្ឋធានីខេត្តមួយចំនួនដូចជា Zhengzhou និង Fuzhou ។
ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន បានដាំក្បាលចុះយ៉ាងខ្លាំង កាលពីឆ្នាំមុន ដោយសារតម្លៃផ្ទះ និងការលក់ធ្លាក់ចុះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានជំពាក់បំណុលគេ និងថែមទាំងផ្អាកការសាងសង់គម្រោងថ្មី ស្របពេលមានការទប់ស្កាត់ការខ្ចីប្រាក់ និងវិធានការទប់ស្កាត់កូវីដ-១៩។
សញ្ញានៃការងើបឡើងវិញ នៅក្នុងវិស័យអចលនទ្រព្យចិន កំពុងលេចឡើង ដោយសារវិធានការគាំទ្ររបស់រដ្ឋ និងការលុបចោលគោលនយោបាយសូន្យកូវីដដ៏តឹងរឹងរបស់រដ្ឋាភិបាល នៅក្នុងខែធ្នូ ឆ្នាំ២០២២។
ទោះជាយ៉ាងណានេះក្តី តម្រូវការដ៏ផុយស្រួយនៅតែជាឧបសគ្គដ៏សំខាន់មួយសម្រាប់ការងើបឡើងវិញ យ៉ាងពេញលេញនៃវិស័យអចលនទ្រព្យចិន៕