ដោយៈសុផារី
ភ្នំពេញៈ នៅពេលស្ថានការណ៍ការវិនិយោគ បានប្រែប្រួលក្នុងអំឡុងវិបត្តិ វិនិយោគិនព្យាយាមសម្លឹងរកទ្រព្យទាំងឡាយណា ដែលអាចផ្តល់ផលចំណេញត្រលប់បានភ្លាមៗ។
ប្រភេទអចលនទ្រព្យ ដែលទិញវិនិយោគ ហើយអាចជួលបាន ដើម្បីទទួលបានចំណូលប្រចាំ ដូចជា លំនៅឋាន ឃ្លាំង ជាដើម នៅបន្តមានតម្រូវការខ្ពស់ នៅក្នុងឆ្នាំ២០២៣នេះ។
លោកសេង សុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន International Real Estate & Appraisal បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា នៅក្នុងឆ្នាំ២០២៣នេះ ប្រភេទអចលនទ្រព្យ ដែលនៅតែមានតម្រូវការខ្ពស់ ទោះបីស្ថិតនៅក្នុងស្ថានភាពវិបត្តិយ៉ាងណាក្តី នោះគឺប្រភេទអចលនទ្រព្យទាំងឡាយណា ដែលអាចទិញហើយ អាចជួលបានមិនថា ប្រភេទលំនៅឋាន ឃ្លាំង ។ល។
លោកបានបន្តថា “សម្រាប់ទីផ្សារបច្ចុប្បន្ន និងអនាគត ប្រភេទអចលនទ្រព្យ Rental Property សំដៅលើអចលនទ្រព្យ ដែលទិញហើយអាចជួលបាន និងអាចប្រើប្រាស់សម្រាប់ប្រកបអាជីវកម្មបាន”។លោកបន្តថា “ ប្រភេទអចលនទ្រព្យបែបនេះ មិនងាយនឹងជួបបញ្ហាទេ ហើយនៅតែជាប្រភេទអចលនទ្រព្យ ដែលមានតម្រូវការខ្ពស់”។
លោកបានមានប្រសាសន៍បន្តថា ប្រសិនបើក្រឡេកមើលកំណើនសេដ្ឋកិច្ចជារួមរបស់កម្ពុជា គឺស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ដែលមានន័យថា តម្រូវការទីផ្សារនៅក្នុងស្រុក និងនៅតែមានសម្រាប់អាជីវកម្ម ដែលនាំឱ្យទ្រព្យបម្រើឱ្យការរកស៊ី ឬអាជីវកម្ម នៅតែមានតម្រូវការខ្ពស់។
លោកបានបន្ថែមថា ម្យ៉ាងទៀត អ្នកវិនិយោគនាពេលបច្ចុប្បន្នមិនសូវនិយម ក្នុងការទិញអចលនទ្រព្យសម្រាប់ទុកចោល ហើយរង់ចាំផលចំណេញនោះទេ តែពួកគាត់ត្រូវការទិញអចលនទ្រព្យទាំងឡាយណា ដែលអាចប្រើប្រាស់បានភ្លាមៗ ហើយទទួលបានចំណូល។
ជាមួយគ្នានេះ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានមានប្រសាសន៍ថា សូម្បីតែនៅក្នុងស្ថានភាពមានវិបត្តិ ក៏គេសង្កេតឃើញថា អ្នកវិនិយោគចាប់យកឱកាស ទិញយកអចលនទ្រព្យបម្រើឱ្យការប្រកបអាជីវកម្មបាន។
លោកបានបញ្ជាក់ថា “ឱកាសនៅក្នុងការទិញបានអចលនទ្រព្យនៅក្នុងតម្លៃល្អប្រសើរបែបនេះ មានតែនៅក្នុងឆ្នាំ២០២៣តែប៉ុណ្ណោះ ដោយនៅក្នុងឆ្នាំ២០២៤នឹងមិនមានទៀតនោះទេ”។
លោកបានលើកឧទាហរណ៍ ប្រភេទអចលនទ្រព្យទាំងនោះ រួមមាន ប្រភេទឃ្លាំងសម្រាប់ផ្ទុកទំនិញ ជាប្រភេទផ្ទះសម្រាប់រស់នៅ ផ្ទះអាជីវកម្ម ជាដើម។
បន្ថែមលើសនេះ លោកគាម សៀកឡុងបានបញ្ជាក់ថា ដីនៅក្នុងតំបន់ជាយក្រុង ក៏នៅតែអាចមានឱកាសចំណេញខ្ពស់ផងដែរ ដោយសារមួយរយៈពេលចុងក្រោយនេះ តម្លៃដែលម្ចាស់ដីធ្លាប់ឡើង កាលពីមុនមក មិនឡើងទៀតនោះទេ ហើយក៏មានអ្នកលក់ដីប្រញាប់ គាត់បន្ទាបតម្លៃបន្ថែមទៀត ដែលនេះជាពេលវេលាល្អសម្រាប់អ្នកមានលុយវិនិយោគ៕