ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ តម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា បានបន្តកើនឡើងជាបន្តបន្ទាប់ បើទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ ក៏តម្លៃដីធ្លីមិនបានថមថយឬធ្លាក់ចុះនោះ ផ្ទុយទៅវិញមានតែបន្តកើនឡើង ហើយភ្នំពេញស្ថិតនៅជាតំបន់ដែលមានតម្លៃដីធ្លីខ្ពស់ជាងគេនៅកម្ពុជា។
ថ្ងៃនេះយើងបង្ហាញពីតំបន់មួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដែលដីធ្លីមានតម្លៃ រហូតដល់លើ១ម៉ឺនដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
យោងតាមការសិក្សាស្រាវជ្រាវ របស់ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយបានបង្ហាញសង្កាត់ចំនួន៥ក្នុងខណ្ឌ ដូនពេញ ដីធ្លីមានតម្លៃរហូតដល់១២.២០០ទៅ១៣.៣០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ រួមមានសង្កាត់ផ្សារកណ្ដាលទី១ សង្កាត់ផ្សារកណ្ដាលទី២ សង្កាត់ផ្សារថ្មីទី១ សង្កាត់ផ្សារថ្មីទី២ និងសង្កាត់ផ្សារថ្មីទី៣ ។
ការសិក្សាបានបង្ហាញថា សង្កាត់ផ្សារកណ្ដាលទី១និងទី២ តម្លៃដីនៅតាមបណ្ដោយផ្លូវធំ ឬផ្លូវសំខាន់មានតម្លៃចន្លោះពី៥.៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដល់ ១២.២០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ខណៈនៅតាមបណ្ដោយផ្លូវតូចៗវិញ មានតម្លៃចន្លោះពី២.៩០០ដុល្លារអាមេរិកទៅ៤.៧០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ។
ចំណែកសង្កាត់៣ទៀត រួមមាន សង្កាត់ផ្សារថ្មីទី១ ទី២ និងទី៣តម្លៃដីនៅតាមបណ្ដោយផ្លូវធំៗ មានចន្លោះពី៥.៦០០ដុល្លារអាមេរិកទៅ១៣.៣០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ និងតាមបណ្ដោយផ្លូវតូចៗវិញ ក៏មានតម្លៃចន្លោះពី២.៩០០ដុល្លារអាមេរិក ទៅ៤.៧០០ដុល្លារអាមេរិកផងដែរក្នុងមួយម៉ែត្រការ៉េ ។
ចំណែកសង្កាត់ដែលមានតម្លៃដីធ្លី ទាបជាងគេក្នុងខណ្ឌដូនពេញ គឺសង្កាត់ស្រះចក ដែលតម្លៃមានចន្លោះពី៣.៧០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ទៅ៥.៩០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់នៅតាមបណ្ដោយផ្លូវធំ និងតម្លៃចន្លោះពី២.២០០ដុល្លារអាមេរិក ទៅ៤១០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ សម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗឬហៅថា Sub-main Road ។
យ៉ាងណាក្ដីបើតាមការសិក្សារបស់ក្រុមហ៊ុន PropNex Cambodia កាលពីចុងឆ្នាំ២០២២ ក៏បានបង្ហាញផងដែរថា ជាមធ្យមតម្លៃដីធ្លីនៅក្នុងខណ្ឌដូនពេញ មានតម្លៃចន្លោះពី៣.០០០ដុល្លារអាមេរិក ទៅជាង៧០០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃដីធ្លីនៅតំបន់បឹងកេងកង ជាមធ្យមមានតម្លៃខ្ពស់ជាងគេ ។
ការទិញដីធ្លីនៅតំបន់ទាំងនេះ មិនអាចទិញជាការវិនិយោគសម្រាប់ទុកចំណេញបន្តទៀតនោះទេ អ្នកដែលទិញដីធ្លីនៅតំបន់ទាំងនេះ ភាគច្រើនគឺជាអ្នកអភិវឌ្ឍន៍ ដែលទិញហើយគឺអភិវឌ្ឍន៍ សំណង់អគារនានា ជាពិសេសសំណង់អគារខ្ពស់ៗតែម្ដង៕